(តូក្យូ)៖ នៅថ្ងៃអង្គារនេះរដ្ឋាភិបាលជប៉ុនបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយជាថវិកាទំហំ ៤.៥ពាន់លានយេន ដែលស្មើនឹង ៤១លានដុល្លារអាមេរិក តាមរយៈអង្គការអន្តរជាតិ ទៅកាន់ប្រទេសចំនួន ២៥ ស្ថិតនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដើម្បីជួយប្រទេសទាំងនោះ រៀបចំនិងពង្រឹងបណ្តាញសម្រាប់ការរក្សាទុក និងចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Kyodo នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

ក្រសួងការបរទេសជប៉ុនបានថ្លែងថា ថវិកាជំនួយខាងលើនឹងត្រូវប្រើប្រាស់ សម្រាប់ការពង្រឹងកន្លែងក្លាសេ យានជំនិះដឹកជញ្ជូន និងសម្ភារៈផ្សេងៗទៀត ដែលចាំបាច់ដើម្បីធានាឲ្យការចែកចាយវ៉ាក់សាំង នៅតាមប្រទេសទាំងនោះ ប្រព្រឹត្តទៅដោយមានស្ថិរភាព។ យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសជប៉ុន ប្រទេសសេដ្ឋកិច្ចលេខ ៣ លើលោកមួយនេះមានគោលដៅចង់ឲ្យ ការចែកចាយវ៉ាក់សាំង COVID-19 គឺអាចទៅដល់ដៃមនុស្សគ្រប់រូប ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយព្រមជាមួយក្តីសង្ឃឹមថា វិបត្តិជំងឺរាតត្បាតសកលនេះ នឹងស្ថិតក្រោមការគ្រប់គ្រងបាន កាន់តែឆាប់រហ័សតាមដែលអាចទៅរួច។

គួរបញ្ជាក់ថា ជប៉ុននឹងផ្តល់ថវិកានោះតាមរយៈអង្គការ UNICEF ដល់ប្រទេសទាំង ២៥ ខាងលើនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិកដែលរួមមាន ឥណ្ឌូណេស៉ី, ហ្វីលីពីន, ថៃ, កម្ពុជា, ប៊ូតាន, ព្រុយណេ, ទីម័រខាងកើត, ឡាវ, ម៉ាឡេស៉ី, មីយ៉ាន់ម៉ា, វៀតណាម, នេប៉ាល់, ប៉ាគីស្ថាន, ស្រីលង្កា, ហ្វីជី, ម៉ាល់ឌីវ, មីក្រូណេស៉ី, ប៉ាពួញូហ្គីណេ និងបណ្តាប្រទេសដីកោះតូចៗជាច្រើនទៀត។

កន្លងមកជប៉ុនក៏បានសន្យាផ្តល់ថវិកា ២០០លានដុល្លារផងដែរ ទៅក្នុងគម្រោង COVAX ដែលវាជាយន្តការអន្តជាតិមួយ សំដៅធានានូវការទទួលបានវ៉ាក់សាំងដោយស្មើភាព សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ យន្តការ COVAX ដែលដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល ហ្គេវី (Gavi), មូលនិធិ CEPI និងអង្គការសុខភាពពិភពលោក (WHO) គ្រោងផ្តល់វ៉ាក់សាំង COVID-19 ដល់ពិភពលោកសរុបឲ្យបានប្រហែល ០២ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ៕