(ហ្សាការតា)៖ ភ្នំភ្លើងសកម្ម និងល្បីល្បាញជាងគេរបស់ឥណ្ឌូណេស៊ីនោះគឺ មើរ៉ាពី (Merapi) បានព្រួសផេះដ៏ក្តៅគគុកចេញពីមាត់របស់វា ទៅកាន់ផ្ទៃមេឃកម្ពស់ជាង ៧០០ម៉ែត្រ កាលពីព្រឹកថ្ងៃអង្គារនេះ ដែលនាំឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការណែនាំជាថ្មី ឲ្យប្រជាជនចាកចេញពីតំបន់ជុំវិញភ្នំភ្លើងនេះ យ៉ាងហោចណាស់ចាប់ពី ១.២គីឡូម៉ែត្រឡើងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

បើតាមអាជ្ញាធរតាមដានភ្នំភ្លើង មុនការព្រួសផេះចេញពីភ្នំភ្លើង Merapi ការអង្កេតក៏បានឲ្យគេឃើញ ចលនាកញ្ជ្រោលឡើងនៃកម្អែរ នៅលើមាត់ភ្លើងនោះចំនួន ១៦លើកផងដែរ គិតចាប់តាំងពីពាក់កណ្តាលយប់ មកដល់ម៉ោង ៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅហ្សាការតា)។ សកម្មភាពរំញ័រតិចៗ ក៏បានកើតមានផងដែរនៅគ្រានោះ។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ីនៅតែជំរុញឲ្យគ្រប់គ្នា មានការប្រុងប្រយ័ត្នចំពោះភ្នំភ្លើងខាងលើ ដែលជាភ្នំភ្លើងមានភាពសកម្មបំផុតមួយ នៅលើពិភពលោកនេះ។ Merapi ស្ថិតនៅលើកោះជ្វាបានផ្ទុះក្នុងកម្រិតធ្ងន់ម្តង កាលពីឆ្នាំ២០១០ ដែលបានបណ្តាលឲ្យមនុស្សជាង ៣៥០នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានជម្លៀស៕