(ម៉ានីល)៖ ប៉ូលិសហ្វីលីពីនបានបាញ់សម្លាប់ចៅហ្វាយក្រុងម្នាក់ នៅឯភាគកណ្ដាលប្រទេស រួមទាំងអង្គរក្សរបស់លោកពីរនាក់ ខណៈមន្ត្រីប៉ូលិសពីរនាក់ក៏ត្រូវបានសម្លាប់នៅក្នុង ការប៉ះទង្គិចគ្នាដោយអាវុធកាលពីរសៀសថ្ងៃចន្ទសប្ដាហ៍នេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

ឧត្ដមសេនីយ៍ត្រីលោក រ៉ូណាល់ដូ ឌឺ ជេស៊ូស (Ronaldo de Jesus) ជាមេបញ្ជាការប៉ូលិសថ្នាក់តំបន់ម្នាក់បាននិយាយថាបើតាមរបាយការណ៍បឋមរបស់ប៉ូលិស ការប៉ះទង្គិចគ្នា ដោយអាវុធខាងលើអាចបណ្ដាលមកពីការយល់ច្រឡំ ខណៈចៅហ្វាយក្រុង កាត់បាឡូហ្គាន់ (Catbalogan) លោក រ៉ូណាល់ដូ អាគីណូ (Ronaldo Aquino) ត្រូវបានគេបញ្ជាក់ថា មិនមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនឡើយ។ លោក Jesus បន្ថែមទៀតថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង ដើម្បីស្វែងរកការពិតនៅពីក្រោយការបាញ់ប្រហារនេះ។

គួរបញ្ជាក់ថា កាលពីរសៀសថ្ងៃចន្ទសប្ដាហ៍នេះ លោក Ronaldo Aquino បានធ្វើដំណើរតាមរថយន្ដមួយគ្រឿងនៅក្នុងខេត្ត Samar។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា ប៉ូលិសជាច្រើននាក់ដែលកំពុងល្បាតស្រាប់តែផ្ទុះអាវុធជាមួយអង្គរក្សរបស់លោក ហើយប៉ូលិសបានបាញ់សម្លាប់លោក Aquino និងអង្គរក្សពីរនាក់។ ចំណែកឯ អង្គរក្សផ្សេងទៀតរបស់លោក Aquino ក៏បានបាញ់សម្លាប់មន្ត្រីប៉ូលិស២នាក់វិញផងដែរ៕