(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៥,១១៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៨៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក ដែលនេះគឺជាតួលេខធ្លាក់ចុះទាបបំផុតមួយ ខណៈរដ្ឋបាលលោក ចូ បៃដិន កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៧៤៤,៦៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៣៨,៦២៨នាក់ និងជាសះស្បើយឡើងសរុប ២០,៤៤៩,៦៣៤នាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏នៅតែបន្តសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនដល់ប្រជាជនរបស់ខ្លួន។ អ្នកជំនាញអាមេរិកបានបន្តព្រមានថា ទោះបីជាករណីឆ្លង COVID-19 នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់មែន ប៉ុន្តែគ្រប់គ្នាគួរតែបន្តការពាក់ម៉ាស់ និងអនុវត្តវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លង៕