(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទសប្ដាហ៍នេះបានបន្ទោសបណ្ដាប្រទេសមួយចំនួនដែលមិនបានស្ដាប់ ឬធ្វើគធ្វើថ្លង់ចំពោះការប្រកាសអាសន្នពី ការឆ្លងរាតត្បាតនៃ COVID-19 តាំងតែពីដំបូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថាបណ្ដាប្រទេសមួយចំនួនមានភាពយឺតយ៉ាវក្នុងការចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាល COVID-19 បន្ទាប់ពីអង្គការរបស់លោកប្រកាសពីភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) ពោលគឺនៅពេលនោះចំនួនឆ្លង COVID-19 នៅក្រៅប្រទេសចិន មានតិច១០០នាក់ និងគ្មានអ្នកស្លាប់ឡើយ។ លោក Tedros បានគូសបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានដូច្នេះថា៖ «រឿងមួយដែលយើងនៅតែបន្តស្វែងយល់ នោះគឺថាតើហេតុអ្វី បានជាប្រទេសខ្លះធ្វើសកម្មភាពទាន់ពេលវេលា រីឯខ្លះទៀតមានភាពយឺតយ៉ាវទៅវិញ»

គួរបញ្ជាក់ថា អង្គការ WHO បានប្រកាសពីភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ តែរហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ដដែល ទើបអង្គការមួយនេះប្រកាសចាត់ទុក COVID-19 ជាជំងឺឆ្លងរាតត្បាតសកល។ ការប្រកាសនេះត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រិះគន់យ៉ាងខ្លាំង ដោយចាត់ទុកថាវាមានភាពយឺតយ៉ាវដែលជាមូលហេតុនាំឱ្យបណ្ដាប្រទេសដទៃខ្វះការប្រុងប្រយ័ត្ន និងធ្វើឱ្យជំងឺនេះរាតត្បាតពាសពេញពិភពលោក៕