(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា មនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដើម្បីបង្ការជំងឺ COVID-19 រួចរាល់ហើយនោះ អាចធ្វើការជួបជុំគ្នាក្នុងទីកន្លែងបិទជិត (លំនៅឋានជាដើម) ដោយមិនបាច់ពាក់ម៉ាសក៏បាន ប៉ុន្តែត្រូវតែស្ថិតនៅក្នុងការជួបជុំ ជាលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

ទោះបីជាមានការប្រកាសបន្ធូរបន្ថយការរឹតបន្តឹង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង គ្រប់ចំនួនដូសខាងលើនេះមែន ក៏ពួកគេមិនគួរទាន់រៀបចំធ្វើដំណើរ ទៅណាមកណាដោយសេរីនោះឡើយ។ អាជ្ញាធរគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានគូសបញ្ជាក់ថា ប្រជាជនដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន គឺអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយតូច ដោយមិនចាំបាច់ពាក់ម៉ាសឡើយ។

ជុំវិញការបន្ធូរបន្ថយខាងលើនេះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំរុញឲ្យពលរដ្ឋរបស់លោកបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំវិធានការសវុត្ថិភាពទាំងឡាយរបស់ CDC។ អាជ្ញាធរ CDC ក៏បានក្រើនរំលឹកផងដែរថា ទោះបីជាអ្នកទាំងឡាយនោះ បានចាក់វ៉ាក់សាំងរួចរាល់មែន ប៉ុន្តែពួកគេក៏គួរចៀសវាងនូវការជួបជុំក្នុងទ្រង់ទ្រាយធំ ដែលមានមនុស្សមិនទាន់ចាក់វ៉ាក់សាំងចូលរួម។ បន្ថែមពីនេះ ពួកគេត្រូវពាក់ម៉ាសជាប់ជានិច្ច នៅពេលទៅដល់ទីតាំងណា ដែលមានការរាតត្បាត COVID-19 ធ្ងន់ធ្ងរ៕