(គូឡាឡាំពួរ)៖ ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០១៤ និងថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ គឺជាគម្រប់ខួប៧ឆ្នាំហើយ ដែលយន្ដហោះរបស់អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ MH370 បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈដែលក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ នៅតែមិនទាន់អស់ចិត្តចំពោះការបាត់បង់ដ៏ធំធេងបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Strart Times នៅថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។

នេះគឺជាអារម្មណ៍ដែលបានចែករំលែកដោយអ្នកស្រី Grace Nathan អាយុ ៣១ឆ្នាំដែលមានអ្នកម្ដាយឈ្មោះ Anne Daisy ស្ថិតក្នុងចំណោមមនុស្សទាំង ២៣៩នាក់នៅលើយន្ដហោះដែលបានបាត់ខ្លួនពេលកំពុងហោះហើរចេញពីទីក្រុងគូឡាឡាំពួរ ទៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៤ ។

ថ្លែងក្នុងពិធីរំលឹកខួប៧ឆ្នាំ នៃការបាត់បង់យន្ដហោះរបស់អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ MH370 អ្នកស្រី Grace បានលើកឡើងយ៉ាងដូច្នេះថា«ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះខ្លះបន្តរងចាំលទ្ធផលបញ្ជប់ ហើយអ្នកខ្លះទៀតមិនទាន់អាចទទួលយកបានទេថា មនុស្សជាទីស្រឡាញ់របស់ពួកគេមិនអាចវិលត្រឡប់មកផ្ទះវិញនោះ»។

គួររំលឹកថា យន្ដហោះ MH370 បានបាត់ចេញពីប្រព័ន្ធរ៉ាដា ក្នុងដំណើរផ្លូវហោះហើរចេញពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ បំណែកយន្ដហោះមួយចំនួន ត្រូវបានគេរកឃើញ ប៉ុន្តែយន្ដហោះទាំងមូល មិនត្រូវបានគេរកឃើញឡើយ មកទល់នឹងសព្វថ្ងៃ ហើយមូលហេតុនៃ ការបាត់ខ្លួន ក៏មិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់នោះដែរ បើទោះជាមានការសន្និដ្ឋានពីមូលហេតុជាច្រើនក៏ដោយ។

កាលពីឆ្នាំ២០១៧ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ប្រតិបត្តិការតាមស្វែងរកយន្ដហោះ MH370 ដែលចំណាយអស់ប្រាក់ជាង១៣២.៩០លានដុល្លារ បន្ទាប់ពីការស្វែងរករបស់ពួកគេគ្មានលទ្ធផល។ តមកទៀត នៅឆ្នាំ២០១៨ ម៉ាឡេស៊ី បានផ្ដល់សិទ្ធិរុករកជាថ្មីឲ្យក្រុមហ៊ុនអាមេរិកមួយ តែចំណាយពេលអស់១៣៨ថ្ងៃ នៅតែមិនមានលទ្ធផល ហើយកាលពីខែកុម្ភៈឆ្នាំ២០២០ ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី អះអាងថាខ្លួនមិនទាន់ទទួលបានភស្តុតាង គួរឲ្យទុកចិត្តណាមួយដើម្បីចាប់ផ្ដើម ប្រតិបត្តិការស្វែងយន្ដហោះនេះឡើងវិញនោះទេ៕