(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន១២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២,៥២៤ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

បើតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន១១នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈម្នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៥២៤ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៩២០នាក់។ រលកចុងក្រោយនៃការឆ្លងរីករាលដាលជំងឺ COVID-19 បានវាយប្រហារប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែមករា ដោយមានករណីឆ្លងក្នុងសហគមន៍ ចំនួន៨៩៣ករណី ដែលត្រូវបានរាយការណ៍ចេញពីទីក្រុង និងខេត្តចំនួន១៣៕