(ប៉េកាំង)៖ ក្នុងកិច្ចប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានបើកធ្វើកាលពីថៃ្ងទី០៥ ខែមីនា ឆ្នាំ២០២១ បេឡារុស្សតំណាងឱ្យប្រទេសចំនួន៧០ បានថែ្លងសុន្ទរកថារួមគ្នា ដោយរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះប្រទេសចិនក្នុងការអនុវត្ត «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅតំបន់រដ្ឋបាលពិសេសហុងកុង ហើយបានសង្កត់ធ្ងន់ថា កិច្ចការហុងកុងជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនសុទ្ធសាធ ដែលមជ្ឈដ្ឋានខាងក្រៅមិនត្រូវជ្រៀតជ្រែកនោះឡើយ។

លើសពីនេះទៅទៀត ក៏មានប្រទេសចំនួនជាង២០ទៀតបានគាំទ្រគោលជំហរ និងវិធានការរបស់ចិនពាក់ព័ន្ធនឹងហុងកុង តាមទម្រង់នៃការថែ្លងសុន្ទរកថាទោលជាដើម នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។ ប្រទេសកាន់តែច្រើនឡើងៗ បានបញ្ចេញសំឡេងយុត្តិធម៌ ដែលបង្ហាញយ៉ាងពេញលេញថា គោលនយោបាយរបស់ប្រទេសចិនពាក់ព័ន្ធនឹងហុងកុង គឺត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។

ចំណែកកម្លាំងប្រឆាំងប្រទេសចិន ដែលមានវត្តមាននៅលោកខាងលិចទាំងប៉ុន្មាន ដែលប៉ុនប៉ងយក «បញ្ហាហុងកុង» ធ្វើជាលេស ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនវិញនោះ មានចន្លោះកាន់តែតូចចង្អៀតទៅៗ។ ការគាំទ្រជារួមរបស់ប្រទេសចំនួន៧០ ចំពោះគោលជំហរនិងវិធានរបស់ចិន ការពាក់ព័ន្ធនឹងហុងកុង ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺជាការគោរព និងគាំពារធម្មនុញ្ញអង្គកាសហប្រជាជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

ព្រមពេលជាមួយគ្នានេះ ការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះប្រទេសចិន ក្នុងការអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅតំបន់រដ្ឋបាលពិសេសហុងកុង ក៏ប្រព្រឹត្តទៅដោយពឹងផ្អែកទៅលើ ស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងរបស់ហុងកុង ផងដែរ។ មជ្ឈដ្ឋានខាងក្រៅបានមើលឃើញថា ចាប់តាំងពីបានវិលត្រឡប់ចូលមាតុភូមិចិនវិញមក នៅក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ រដ្ឋាភិបាលមជ្ឈិមចិន ហុងកុងបានរក្សាឋានៈជាកំពង់ផែសេរីអន្តរជាតិ និងតំបន់ពន្ធគយឯករាជ្យ ដែលបាននាំមកនូវកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដល់ពិភពលោកទាំងមូល។

ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា គោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺជាការរៀបចំចាត់ចែងផែ្នកប្រព័ន្ធរបបដ៏ល្អបំផុត សម្រាប់ឱ្យហុងកុងបន្តរក្សាវិបុលភាព និងស្ថិរភាពក្នុងរយៈពេលយូរអង្វែង បន្ទាប់ពីហុងកុងវិលត្រឡប់ចូលមាតុភូមិចិនវិញ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសកាន់តែច្រើនឡើងៗ បានបញ្ចេញមតិលើឆាកអន្តរជាតិ ដើម្បីប្រឆាំងនឹងក្រុមប្រទេសលោកខាងលិចមួយចំនួន ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយកបញ្ហាពាក់ព័ន្ធនឹងហុងកុង ធ្វើជាលេស ហើយក៏បានបង្ហាញការគាំទ្រគោលជំហរ និងវិធានការពាក់ព័ន្ធរបស់ចិនផងដែរ។ ដូច្នេះ ការដែលប្រទេសកាន់តែច្រើនឡើងៗ គាំទ្រយ៉ាងខ្លាំងដល់គោលជំហរ និងវិធានការរបស់ចិនពាក់ព័ន្ធនឹងហុងកុងលើកនេះ បានបង្ហាញថា ការទទួលបានការគាំទ្រជាដាច់ខាតរបស់ប្រទេសចិន គឺមនុស្សបានឃើញស្តែងនឹងភ្នែកយ៉ាងច្បាស់។

បច្ចុប្បន្ននេះ មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលជាស្ថាប័នក្តាប់អំណាចជាន់ខ្ពស់របស់ចិន កំពុងបើកធ្វើនៅក្រុងប៉េកាំង ដែលបានប្រកាសរបៀបវារៈសំខាន់មួយ គឺពិនិត្យពិភាក្សាអំពី «សេចក្តីព្រាងច្បាប់នៃសេចកក្តីសម្រេចចិត្តស្តីពី ការធ្វើឱ្យប្រព័ន្ធបោះឆ្នោតតំបន់រដ្ឋបាលពិសេសហុងកុង មានសុក្រឹតភាព»។

ល្គឹកណាសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ល្គឹកនោះ ចន្លោះខ្វះខាតនៃប្រព័ន្ធបោះឆ្នោតរបស់ហុងកុង ដែលអនុវត្តក្នុងពេលបច្ចុប្បន្ន មានការរំពឹងទុកនឹងត្រូវបំពេញបំន្ថែម ដើម្បីធានាឱ្យអំណាចគ្រប់គ្រងតំបន់ហុងកុង ត្រូវក្តាប់ជាប់ក្នុងកណ្តាប់ដៃរបស់អ្នកស្នេហាជាតិ។ ប្រការនេះនឹងផ្តល់ការគាំទ្រជាប្រព័ន្ធរបបយ៉ាងខ្លាំងក្លា ដល់ចីរភាពនិងសិ្ថរភាពរបស់ហុងកុង និងធានាឱ្យហុងកុងអាចដើរកាន់តែឆ្ងាយ កាន់តែរឹងមាំ តាមផ្លូវត្រឹមត្រូវគឺ តាមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»៕