(ប៉េកាំង)៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើងថា ក្នុងអំឡុងពេល ២៤ឆ្នាំដែលតំបន់ហុងកុងវិលត្រឡប់មកប្រទេសចិនវិញ គ្មានអ្នកណាយកចិត្តទុកដាក់ លើសពីរដ្ឋាភិបាលមជ្ឈិមចិន ចំពោះការអភិវឌ្ឍប្រជាធិបតេយ្យរបស់ហុងកុង និងរំពឹងទុកហុងកុងអាចរក្សាវិបុលភាព និងស្ថិរភាពនោះទេ។

យើងមានប្តេជ្ញាចិត្តបន្តប្រកាន់ខ្ជាប់នូវ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ, អ្នកហុងកុងគ្រប់គ្រងហុងកុង» និងការគ្រប់គ្រងដោយស្វ័យតភាពកម្រិតខ្ពស់ ហើយក៏មានទំនុកចិត្តធ្វើឱ្យហុងកុង មានអនាគតកាន់តែប្រសើរឡើងដែរ។

លោក វ៉ាង យី បានគូសបញ្ជាក់ទៀតថា ការធ្វើឱ្យមានសុក្រឹតភាពនូវរបបបោះឆ្នោត នៃតំបន់រដ្ឋបាលពិសេសហុងកុង ការអនុវត្តជាក់ស្តែងនូវ «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង» មិនត្រឹមតែជាតម្រូវការដ៏ពិតប្រាកដ នៃការជំរុញបុព្វហេតុអនុវត្ត «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» និងរក្សាសន្តិសុខនៅហុងកុង ក្នុងរយៈពេលយូរអង្វែងប៉ុណ្ណោះទេ ហើយក៏ជាសិទ្ធិអំណាច និងភារកិច្ចរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលផ្តល់ដោយរដ្ឋធម្មនុញផងដែរ វាស្របរដ្ឋធម្មនុញនិងច្បាប់ គឺសមហេតុផលទាំងស្រុង។

ការធ្វើឱ្យតំបន់ រដ្ឋបាលពិសេសហុងកុង ប្រែពីភាពចលាចលទៅជាមានរបៀបរៀបរយល្អ គឺសមស្របនឹងប្រយោជន៍របស់បណ្តាភាគីនានា ហើយក៏នឹងផ្តល់ការធានាកាន់តែរឹងមាំ ដល់ការគាំពារសិទ្ធិគ្រប់ប្រភេទរបស់អ្នកហុងកុង និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកវិនិយោគបរទេសផងដែរ៕