(ហុងកុង)៖ តាំងពីហុងកុងបានវិលត្រឡប់ចូលមាតុភូមិចិនមក «អ្នកសេ្នហាជាតិគ្រប់គ្រងហុងកុង» ក៏បានក្លាយជាគោលការណ៍គន្លឹះក្នុងគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ហើយក៏ជាបុរេលក្ខខណ្ឌថា តើ គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» អាចអនុវត្តបានដោយជោគជ័យឬអត់ដែរ។

ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ គោលការណ៍ «អ្នកសេ្នហាជាតិគ្រប់គ្រងហុងកុង» នៅមិនទាន់បង្ហាញឱ្យឃើញដោយគ្រប់ជ្រុងជ្រោយ ក្នុងការងារគ្រប់គ្រងនៃតំបន់រដ្ឋបាលពិសេសនេះនៅឡើយទេ ដោយសារបន្ទាប់ពីហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនមក ប្រព័ន្ធបោះឆ្នោតនៅមិនទាន់មានសុក្រឹតភាព។

ដូច្នេះការធ្វើឱ្យប្រព័ន្ធបោះឆ្នោតមានសុក្រឹតភា ពក្រោមការណែនាំពីរដ្ឋាភិបាលចិន ក្នុងន័យបំពេញបន្ថែមចន្លោះខ្វះខាតលើ វិស័យអធិបតេយ្យភាព ក៏ដូចជាសន្តិសុខរបស់ហុងកុង ហើយធានាឱ្យហុងកុងអាចដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំតាមផ្លូវត្រឹមត្រូវ គឺតាមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។

អ្នកគ្រប់គ្រងចាំបាច់ត្រូវជាអ្នកសេ្នហាជាតិ នេះជារឿងត្រឹមត្រូវដែលទទួលស្គាល់ជាទូទៅនៅលើពិភពលោក ។ ក្នុងប្រព័ន្ធបោះឆ្នោតលោកខាងលិច គូប្រជែងក្នុងការបោះឆ្នោតតែងតែប្រជែងគ្នាអះអាងថា «អ្នកណាជាអ្នកសេ្នហាជាតិខ្លាំងជាងគេ»។ ប៉ុន្តែនៅហុងកុង អ្នកកាន់អំណាចរដ្ឋបាលមួយចំនួន បែរជាចាត់ទុកការប្រឆាំងមាតុប្រទេសជា ធនធាននយោបាយ និងតែងតែឃោសនាបំប៉ោង។ ប្រការនេះបានបង្ហាញឱ្យនូវ បញ្ហាធំក្នុងប្រព័ន្ធបោះឆ្នោតនៅហុងកុង ដែលចាំបាច់ត្រូវការកែតម្រូវភ្លាមៗ។

លោក Cavince Adhere អ្នកជំនាញទំនាក់ទំនងអន្តរជាតិនៃប្រទេសកេនយ៉ា បានថ្លែងថា មានតែមនុស្សដែលយកចិត្តទុកដាក់ ដល់ផលប្រយោជន៍ប្រទេសជាតិ ទើបអាចរ៉ាប់រងអភិបាលកិច្ចបាន ដែលនេះជាការទទួលស្គាល់ជាទូទៅនៅលើពិភពលោក ។
តើ «អ្នកសេ្នហាជាតិ» ត្រូវស្របទៅតាមស្តង់ដារសត្យានុម័តណាខ្លះ? ទីមួយគឺ ត្រូវគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍរបស់ប្រទេសជាតិដោយពិតប្រាកដ។ ទីពីរគឺ ត្រូវគោរពនិងគាំពារប្រព័ន្ធមូលដ្ឋានរបស់រដ្ឋ និងរបៀបរៀបរយអភិបាលកិច្ចតាមរដ្ឋធម្មនុញ្ញ នៅតំបន់រដ្ឋបាលពិសេសហុងកុង។ ទីបីគឺ ត្រូវខិតខំប្រឹងប្រែងគាំពារភាពរុងរឿង និងស្ថិរភាពរបស់ហុងកុង។

វាជារឿងប្រាកដណាស់ថា មនុស្សដែលប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីមួលបង្កាច់រដ្ឋាភិបាលមជ្ឈិមចិន និងឃោសនាដោយចំហពីគំនិត «ឯករាជ្យហុងកុង» និងសុំបរទេសដាក់សម្ពាធទៅលើប្រទេសចិន និងហុងកុង ព្រមទាំងមនុស្សដែលបំពានច្បាប់សន្តិសុខ និង ជនដែលល្មើសនឹងប្រព័ន្ធមូលដ្ឋានរបស់ប្រទេសជាតិ និងរបៀបរៀបរយអភិបាលកិច្ចតាមរដ្ឋធម្មនុញ្ញ នៅតំបន់រដ្ឋបាលពិសេសហុងកុង ហើយនិងក្រុមបំផ្លិចបំផ្លាញដល់ភាពរុងរឿង និងស្ថិរភាពរបស់ហុងកុង សុទ្ធតែមិនមែនជាអ្នកស្នេហាជាតិនោះឡើយ។

យើងអាចប៉ាន់ប្រមាណថា កំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ចំពោះប្រព័ន្ធបោះឆ្នោតរបស់ហុងកុងលើកនេះ នឹងបណ្តាលឱ្យហុងកុងនិងសង្គមអន្តរជាតិមានប្រតិកម្មមួយចំនួន ហើយកម្លាំងខាងក្រៅក៏នឹងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយករឿងនេះជាលេស និងញុះញង់បង្កភាពបដិបក្ខគ្នាផងដែរ។ ដូច្នេះរដ្ឋាភិបាលមជ្ឈិមចិន និងរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង គួរតែធ្វើការប្រាស្រ័យទាក់ទងជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាខិតខំប្រឹងប្រែងស្វែងរកគំនិតឯកភាពរួមក្នុងសង្គម។

លោកស្រី Carrie Lam Cheng Yuet-ngor ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានថ្លែងថា រដ្ឋបាលពិសេសហុងកុងនឹងធ្វើការងារគួបផ្សំដោយគ្រប់ជ្រុងជ្រោយ និងប្រកាន់ខ្ជាប់ការអនុវត្តគោលការណ៍ «អ្នកសេ្នហាជាតិគ្រប់គ្រងហុងកុង»។ អ្នកក្រុងហុងកុងជាច្រើនយល់ឃើញថា សិទ្ធិគ្រប់គ្រងហុងកុងចាំបាច់ត្រូវក្តាប់ជាប់ក្នុងដៃអ្នកស្នេហាជាតិ មានតែអ៊ីចឹងទើបអាចនាំមកនូវសុខសុភមង្គល និងផលប្រយោជន៍ជូន ចំពោះពួកគេបាន។

សរុបមក មិនថាការតាក់តែងច្បាប់សន្តិសុខហុងកុង ឬមួយក៏ធ្វើឱ្យប្រព័ន្ធបោះឆ្នោតតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាពនោះទេ គោលបំណងចម្បងរបស់រដ្ឋាភិបាលចិន គឺដើម្បីតែចីរភាពនិងសិ្ថរភាពរបស់ហុងកុងប៉ុណ្ណោះ។ ដូច្នេះមានតែអនុវត្តគ្រប់ជ្រុងជ្រោយនូវ គោលការណ៍ «អ្នកសេ្នហាជាតិគ្រប់គ្រងហុងកុង» ទេ ទើបទីក្រុងហុងកុងអាចបន្តបង្កើតភាពអស្ចារ្យជាបន្តបន្ទាប់៕