(ប៉េកាំង)៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី(Wang Yi)បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងទ្វេភាគីវិលត្រឡប់មករកផ្លូវត្រូវវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។

លោក Wang បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអាទិត្យនេះ ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែតាមដានលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិនលោកស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោកចូ បៃឌិន កាលពីថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅ ដែលបានកំណត់យកទំនាក់ទំនងនៃប្រទេសទាំងពីរ ឲ្យស្ថិតនៅលើមាគ៌ាថ្មីនៃការលូតលាស់ប្រកបដោយសុខភាពនិងស្ថិរភាព។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបន្ថែមថា «ក្នុងនាមប្រទេសពីរដែលមានប្រព័ន្ធសង្គមខុសគ្នា ប្រទេសចិននិងសហរដ្ឋអាមេរិក ជាធម្មតាតែងមានភាពខុសគ្នានិងការខ្វែងគំនិតគ្នា។ ប៉ុន្តអ្វីដែលសំខាន់បំផុតនោះ គឺត្រូវគ្រប់គ្រងវាឲ្យមានប្រសិទ្ធិភាព តាមរយៈការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ ដើម្បីការពារការយល់ច្រឡំជាយុទ្ធសាស្ត្រ និងចៀសវាងជម្លោះនិងការប្រឈមមុខគ្នា»

លោក Wang បាននិយាយថា វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលមានការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ដោយសារតែផលប្រយោជន៍របស់ពួកគេ។ ប៉ុន្តែភាគីទាំងពីរគួរតែមានការប្រកួតប្រជែងមួយ ដែលមានសុខភាពល្អនិងឈរលើមូលដ្ឋានយុត្តិធម៌និងសមធម៌៕