(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា គិតមកទល់ពេលឥឡូវ ប្រទេសចិនបាននិងកំពុងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៦៩ប្រទេសហើយ ដែលត្រូវការវ៉ាក់សាំងជាចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។

លោករដ្ឋមន្រ្តីការបរទេសចិន បានប្រកាសដូចខាងលើ ក្នុងកំឡុងការធ្វើសន្និសីទព័ត៌មានប្រចាំឆ្នាំរបស់លោក នាថ្ងៃអាទិត្យនេះ។ ទន្ទឹមគ្នាដែរ លោក Wang បានបន្ថែមថា ប្រទេសចិនមានសង្ឃឹមខ្ពស់ក្នុងចិត្តថា ប្រទេសទាំងឡាយដែលមានលទ្ធភាព នឹងខិតខំប្រឹងប្រែងតាមតែអាចធ្វើទៅបាន ដើម្បីជួយផ្តល់វ៉ាក់សាំង COVID-19 ដល់ប្រទេសនានាដែលត្រូវការចាំបាច់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។

គួរបញ្ជាក់ថា បើតាមលោក Wang Yi ចិនក៏បាននិងកំពុងនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន៤៣ ផងដែរ ក្រៅពីការប្រើប្រាស់នៅក្នុងប្រទេសខ្លួនឯងផ្ទាល់។ វ៉ាក់សាំង COVID-19 ដែលចិនបរិច្ចាគជាអំណាយ ក៏ដូចជាលក់ទៅកាន់ប្រទេសដទៃ រួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និងវ៉ាក់សាំងក្រុមហ៊ុន Sinovac ដែលបាននិងកំពុងត្រូវប្រើប្រាស់ ដើម្បីបង្ការជំងឺរាតត្បាតជាសកលនេះ នៅតាមបណ្តាប្រទេសជាច្រើនជាបន្តបន្ទាប់៕