(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានតំបន់ហុងកុង កាលពីថ្ងៃទី៤ ខែមីនាឱ្យបានដឹងថា ជំពូកជនបង្កចលាចលនៅហុងកុងចំនួន ៤៧នាក់ក្នុងនោះ បូករួមទាំងលោក Benny Dai Yao Ting ជាដើមបានត្រូវចោទប្រកាន់ពីបទឃុបឃិតគ្នា ដើម្បីធ្វើវិទ្ធង្សនារដ្ឋអំណាចប្រទេសជាតិ ដោយសារជាប់សង្ស័យពីបទល្មើស នឹងច្បាប់សន្តិសុខជាតិនៅហុងកុង។

ថ្ងៃដដែល សភាតំណាងប្រជាជនទូទាំងប្រទេសចិន បានប្រកាសរបៀបវារៈសំខាន់មួយ គឺពិនិត្យពិភាក្សាអំពី «សេចក្តីព្រាងច្បាប់នៃសេចកក្តីសម្រេចចិត្ត ស្តីពីការធ្វើឱ្យរបបបោះឆ្នោតតំបន់រដ្ឋបាលពិសេសហុងកុង មានសុក្រឹតភាពនៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន»។ នេះគឺមានន័យថា រដ្ឋាភិបាលចិនបានតាំងចិត្តប្តេជ្ញាកែប្រែ ពីឫសគល់នូវក្បួនច្បាប់នយោបាយ នៃតំបន់ហុងកុងជាយូរណាស់មកហើយ ដើម្បីនាំឱ្យអ្នកប្រឆាំងរដ្ឋាភិបាលមជ្ឈិម និងបង្កចលាចលនៅហុងកុង គ្មានច្រកចេញនៅហុងកុងទាំងស្រុង។

ប៉ុន្មានឆ្នាំកន្លងទៅនេះ មនុស្សមួយចំនួនដែលអួតអាងថា ខ្លួនជា «អ្នកគ្រប់គ្រងតំបន់ហុងកុង» បានប្រព្រឹត្តអំពើល្មើសច្បាប់ ដែលប្រឆាំងរដ្ឋាភិបាលមជ្ឈិម និងបង្កចលាចលនៅហុងកុងយ៉ាងគឃ្លើន ។ ពួកគេញុះញង់ការបោះឆ្នោត លួចអាសនៈក្នុងស្ថាប័នដូចជា ក្រុមប្រឹក្សានីតិប្បញ្ញត្តិ និងគណៈកម្មាធិការបោះឆ្នោត ប្រធានរដ្ឋបាលហុងកុងជាដើម។
ពីការផ្សព្វផ្សាយគំនិតខុសឆ្គង ស្តីពីការចង់ឱ្យហុងកុងឯករាជ្យ ប្រមាថប្រទេសជាតិ និងជនជាតិ រហូតដល់ការបដិបក្ខនឹងការគ្រប់គ្រង នៃរដ្ឋាភិបាលមជ្ឈិម និងរំលោភបំពានខ្សែបន្ទាត់ក្រហមនៃគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ពីការខិតខំធ្វើឱ្យអង្គការនីតិប្បញ្ញត្តិ នៃតំបន់រដ្ឋបាលពិសេសធ្លាក់ក្នុងភាពជាប់គាំង រារាំងមិនឱ្យរដ្ឋបាលតំបន់រដ្ឋបាលពិសេស អនុវត្តគោលនយោបាយតាមច្បាប់ រហូតដល់ញុះញង់ រៀបចំ និងចូលរួមសកម្មភាពអំពើហិង្សាជាដើម ។ល។

ហេតុអ្វីបានជាប្រភពចលាចលនៃតំបន់ហុងកុង និងជាពួកឧទ្ទាមដែលបំផ្លិចបំផ្លាញ ដល់ផលប្រយោជន៍របស់ប្រទេសជាតិទាំងនេះ អាចប្រព្រឹត្តអំពើហិង្សាដោយរលូន? បញ្ហាសំខាន់មួយគឺដោយមកពី របបបោះឆ្នោតនៃតំបន់ហុងកុង។

តំបន់ហុងកុងកំពុងឋិតក្នុងដំណាក់កាលគន្លឹះ សម្រាប់ផ្លាស់ប្តូរពីចលាចល ទៅកាន់ស្ថិរភាព ការប្រកាន់ខ្ជាប់ការអនុវត្តជាក់ស្តែង នូវគោលការណ៍ជាមូលដ្ឋានស្តីពី «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង» និងបំពេញបន្ថែមចន្លោះខ្វះខាត នៃរបបបោះឆ្នោតនៃតំបន់ហុងកុង ជាភារកិច្ចសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ។

ជាច្រើនឆ្នាំកន្លងទៅនេះ កម្លាំងប្រឆាំងចិន និងបង្កចលាចលនៅហុងកុង បានឃុបឃិតគ្នាជាមួយកម្លាំងបរទេស ប៉ុនប៉ងដណ្តើមយកអំណាចគ្រប់គ្រងតំបន់ហុងកុង ពួកគេមានគោលដៅជាក់ច្បាស់ផង ហើយក៏មានសកម្មភាពជាក់ស្តែងផងដែរ។ ចំពោះអ្នកស្ទុះទៅមុខ នៃកម្លាំងប្រឆាំងប្រទេសចិនទាំងនេះ ចាំបាច់ត្រូវចាត់វិធានការយ៉ាងប្រាកដប្រជា និងប្រកបដោយប្រសិទ្ធិភាព ដើម្បីរារាំងកុំឱ្យពួកគេចូលក្នុងប្រព័ន្ធគ្រប់គ្រង នៃតំបន់រដ្ឋបាលពិសេសតាមរយៈការបោះឆ្នោត ធ្វើឱ្យពួកគេគ្មានច្រកចេញ នៅហុងកុងទាល់តែសោះ។

ប្រសិនបើអាចនិយាយបានថា ច្បាប់សន្តិសុខជាតិដែលចាប់ផ្តើមអនុវត្ត នៅហុងកុងនៅឆ្នាំ២០២០ បានការពារសន្តិសុខជាតិនៃតំបន់ហុងកុងនោះ កំណែទម្រង់នៃរបបបោះឆ្នោត គឺអាចធានាឱ្យអំណាចសាធារណៈ នៃតំបន់ហុងកុងនៅពេលអនាគត ត្រូវក្តាប់ជាប់ក្នុងកណ្តាប់ដៃរបស់អ្នកស្នេហាជាតិ ប្រការទាំងពីរនេះបានធ្វើឱ្យមាន សុក្រឹតភាពនូវមូលដ្ឋាននៃ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»

«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៃតំបន់ហុងកុងត្រូវលើកកម្ពស់ លំដាប់ថ្នាក់ពីយុគសម័យ ១.០ ដែលមានភាពអវិជ្ជមាន អសកម្ម និងបែកបាក់គ្នាឈានចូលក្នុងយុគសម័យ ២.០ ដែលមានភាពវិជ្ជមាន ម្ចាស់ការនិងស៊ីសង្វាក់គ្នា។ «ពិតមែនតែបានស្លៀកសំលៀកបំពាក់ បែបបស្ចិមប្រទេសក៏ដោយ ក៏ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែស្រឡាញ់ប្រទេសចិនដដែល» បទចម្រៀងដែលមានចំណងជើងថា «បេះដូងចិនរបស់ខ្ញុំបានបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់មាតុប្រទេសចិនយ៉ាងជ្រាលជ្រៅ របស់បងប្អូនរួមជាតិតំបន់ហុងកុង»។ ជឿជាក់ថា អ្នកក្រុងហុងកុងភាគច្រើនដាច់ខាត សុទ្ធតែនឹងឈរនៅម្ខាងត្រឹមត្រូវក្នុងប្រវត្តិសាស្ត្រ ហើយរួមសាមគ្គីគ្នាខិតខំប្រឹងប្រែង ដើម្បីនាំឱ្យ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» រីកចម្រើនដោយនឹងនរ និងយូរអង្វែង៕