(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញបានព្រមានពីលទ្ធផលនៃការផ្ទុះឡើងនៃរលកទី៤ COVID-19 បើសិនជាបណ្ដារដ្ឋនានានៅក្នុងសហរដ្ឋអាមេរិកលុបចោល ឬបន្ធូរបន្ថយ វិធានការទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះលឿនរហ័សពេក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

ការព្រមានខាងលើកើតមានឡើង បន្ទាប់ពីរដ្ឋតិចសាស់ (Texas) និងរដ្ឋមីសស៊ីសស៊ីពី (Mississippi) ចាប់ផ្ដើមលុបចោលវិធានការរឹតត្បិតរបស់ខ្លួន ក្រោយចំនួន អ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកមានការថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អភិបាលរដ្ឋតិចសាស់ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍បានចេញបទបញ្ជាលុបចោលវិធានការតម្រូវឱ្យពាក់ម៉ាស និងបើកដំណើរការសកម្មភាពទាំងឡាយ នៅក្នុងរដ្ឋឡើងវិញ១០០ភាគរយ។ រដ្ឋមីសស៊ីសស៊ីពី បានយកគម្រូតាមរដ្ឋតិចសាស់ ដោយចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិត លើកលែងតែនៅតាមសាលារៀន និងតំបន់សំខាន់ៗមួយចំនួន។ ចំណែកឯ រដ្ឋជាច្រើនទៀត ក្នុងនោះរួមមានរដ្ឋអារីហ្សូណា (Arizona),វែស វីជីញ៉ា (West Virginia) និងរដ្ឋខុននិចធីខាត់ (Connecticut) ក៏បានយកគម្រូតាមរដ្ឋទាំង២ពីរនេះដូចគ្នាដែរ។

ក្រុមអ្នកជំនាញអាមេរិកក្នុងនោះរួមមានទាំងអ្នកជំនាញកំពូលផ្នែកជំងឺឆ្លង លោក Anthony Fauci បានព្រមានថាការលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិត លឿនរហ័សពេកអាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកប្រឈមមុខនឹងរលកទី៤ COVID-19 ជាពិសេសខណៈវីរុស COVID-19 បំប្លែងខ្លួនថ្មីកំពុងមានវត្តមាននៅក្នុងប្រទេស។

គួរបញ្ជាក់ថា ក្រៅពីអ្នកជំនាញអាមេរិក អ្នកជំនាញមកពីអង្គការសុខភាពពិភពលោក WHO លោក Mike Ryan ក៏បានព្រមានដូចគ្នាដែរថាប្រទេសទាំងឡាយមិនគួរ បន្ធូរដៃក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 បើទោះជាមានវ៉ាក់សាំងក៏ដោយ ដ្បិតជំងឺដ៏កាចសាហាវនេះទំនងជានឹងមិនរលាយបាត់នៅក្នុងឆ្នាំ២០២១នេះទេ៕