(កាណាដា)៖ អាជ្ញាធរនិយ័តកម្មឱសថកាណាដាបានអនុម័តហើយលើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលនឹងក្លាយជាវ៉ាក់សាំងទី៤ ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

លោកស្រី ស៊ុបព្រីយ៉ា សាម៉ា (Supriya Sharma) ជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលកាណាដា បានឱ្យដឹងថាវ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson នឹងជួយបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ កាណាដា ក៏បានអនុម័តឱ្យប្រើប្រាស់ផងដែរលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និងក្រុមហ៊ុន AstraZeneca។

គួរបញ្ជាក់ថា បើតាមលោកស្រី ស៊ុបព្រីយ៉ា សាម៉ា កាណាដាគឺជាប្រទេសដំបូងគេដែលបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ផលិតដោយក្រុមហ៊ុន៤ផ្សេងៗគ្នា។ កាណាដាបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ចំនួន១០លានដូស ជាមួយជម្រើសទិញបន្ថែម២៨លានដូស។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើពេលណាទើបកាណាដាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិកមួយនេះឡើយ៕