(ម៉ូស្គូ)៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ កាសែត «Pravda» របស់រុស្ស៊ីបានចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា «បទពិសោធន៍សំខាន់ជាងគេរបស់បក្សកុម្មុយនិស្តចិន សម្រាប់ទទួលបានភាពជោគជ័យ គឺពូកែរៀនសូត្រពីប្រវិត្តសាស្ត្រ និងមហាជន» ដែលនិពន្ធដោយលោក Zyuganov ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តរុស្ស៊ី និងជាបណ្ឌិតទស្សនវិជ្ជា។

លោក Zyuganov បានសម្គាល់ឃើញថា តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិន ដើរចេញផុតពីភាពក្រីក្រ និងអន់ថយឆ្ពោះទៅកាន់ការស្តារភាពរុងរឿងថ្កុំថ្កើង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ព្រមទាំងបានរួមចំណែកដ៏មហិមា ដល់ពិភពលោកទាំងមូលផងដែរ។ បទពិសោធន៍របស់បក្សកុម្មុយនិស្តចិន គឺក្តាប់ជាប់ទ្រឹស្តីដ៏ជឿនលឿន ព្រមទាំងអាចរៀនសូត្រពីមហាជន។

ជានិច្ចកាល បក្សកុម្មុយនិស្តចិនបានខិតខំប្រឹងប្រែង ក្នុងការបំពេញតាមតម្រូវការរបស់ប្រជាជន លើវិស័យជីវភាពរស់នៅ និងវប្បធម៌ដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បក្សកុម្មុយនិស្តចិនបានចាក់គ្រឹះក្នុងប្រជាជនផង ហើយក៏ស្វែងរកផលប្រយោជន៍ជូនដល់ប្រជាជនផងដែរ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបាននិងកំពុងលុបបំបាត់ចោលភាពក្រីក្រហួសហេតុ ខិតខំប្រឹងប្រែងដើម្បីកសាងសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ។

ថ្នាក់ដឹកនាំនៃបណ្តាខេត្ត ភូមិភាគស្វយ័តជនជាតិភាគតិច និងទីក្រុងក្រោមឳវាទមជ្ឈិម ក៏បានចុះហត្ថលេខាលើលិខិតទទួលខុសត្រូវ លើវិស័យកាត់បន្ថយភាពក្រីក្រផងដែរ។ ឆ្លងតាមរយៈវិធីបែបនេះ ប្រតិបតិ្តការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន កាន់តែមានប្រសិទ្ធភាព ក្នុងនោះបូករួមទាំងការលើកកម្ពស់ កម្រិតប្រាក់ចំណូលជាទូទៅ កិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមជនបទ ការផ្តល់ការធានារ៉ាប់រងក្នុងសង្គម និងការកើនឡើងលើវិស័យសេវាកម្មសាធារណៈ ផ្នែកសុខាភិបាល អប់រំនិងវប្បធម៌ជាដើម។

បច្ចុប្បន្ននេះ ប្រទេសចិនមិនគ្រាន់តែបានជួយពិភពលោក ពុះពារវិបត្តិសេដ្ឋកិច្ចដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងក៏បានចង្អុលបង្ហាញពី ទិសដៅយុទ្ធសាស្ត្រដ៏សំខាន់ នៅពេលអនាគតទៀតផង៕