(ហ្សឺណែវ)៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះបានព្រមានថា ប្រទេសនានាមិនត្រូវបន្ធូរបន្ថយកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 នោះឡើយ បើទោះបីជាមានការមកដល់ នៃវ៉ាក់សាំងបង្ការជំងឺនេះក៏ដោយ ដោយលើកឡើងពីការព្រួយបារម្ភថា ការឆ្លងរាតត្បាតនៃជំងឺនេះនៅប្រទេសប្រេស៉ីល អាចនឹងបង្កឲ្យមានការឆ្លងរីករាលដាល ដល់ប្រទេសដទៃៗទៀតបាន ប្រសិនបើប្រទេសទាំងនោះ មិនមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន (Mike Ryan) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយ តាមប្រព័ទ្ធអ៊ីនធើណិតថា «យើងប្រហែលជាគិតថា បានឆ្លងកាត់បញ្ហានេះរួចទៅហើយ ប៉ុន្តែវាមិនមែនដូចអ្វីដែលយើងបានគិតទេ។ ប្រទេសនានា នឹងវិលត្រឡប់ទៅប្រឈមនឹងការឆ្លងរីករាលដាលរលកទីបី និងទីបួននៃជំងឺ COVID-19 នេះវិញ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន»

អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន (Mike Ryan) បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ឥឡូវនេះមិនមែនជាពេលវេលា សម្រាប់ប្រទេសប្រេស៊ីល ឬប្រទេសដទៃផ្សេងទៀត ត្រូវបន្ធូរបន្ធយកិច្ចខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នោះឡើយ ហើយការមកដល់នៃវ៉ាក់សាំង គឺជាពេលវេលានៃក្តីសង្ឃឹមដ៏អស្ចារ្យបំផុត ប៉ុន្តែវាក៏ជាឱកាសមួយដែលធ្វើឲ្យយើង បាត់បង់ការផ្តោតអារម្មណ៍ទៅលើកិច្ចខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ»

គួរបញ្ជាក់ថា អ្នកឆ្លងជំងឺ COVID-19 ច្រើនជាង ៧០,០០០នាក់ និងអ្នកស្លាប់ច្រើនជាង ១,៦០០នាក់ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសប្រេស៊ីលនៅសប្តាហ៍នេះ ដែលរហូតមកទល់ពេលនេះ ប្រទេសប្រេស៊ីលបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១០.៨៦ករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ២៦០,០០០នាក់។ ដូច្នេះប្រសិនបើប្រទេសប្រើស៉ីល និងប្រទេសនានា មិនយកចិត្តទុកដាក់ ចំពោះកិច្ចខំប្រឹងកប្រែងក្នុងប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលនៃជំងឺនេះទេ វានឹងបន្តការឆ្លងរីករាលដាល ដល់ប្រទេសជិតខាងដទៃទៀតមិនខាន៕