(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៧,២៨១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៧៩៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៥៩៣,៧០៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៣៥,៥៦៣នាក់ និងជាសះស្បើយឡើងសរុប ២០,១៨៣,៣២៦នាក់។

គួរបញ្ជាក់ថា ចំពោះមុខករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅតែបន្តស្ថិតក្នុងចំនួនច្រើន សហរដ្ឋអាមេរិកក៏នៅតែបន្តសម្រុក ចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនដល់ប្រជាជនរបស់ខ្លួនផងដែរ។ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ វ៉ាក់សាំងសរុបជាង ៨៥លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជន ខណៈវ៉ាក់សាំងសរុបជាង ១១៤លានដូសត្រូវបានដាក់ចេញ។

បើតាមអាជ្ញាធរអាមេរិក ប្រជាជានសរុប ៥៥.៥៤លាននាក់ បានទទួលការចាក់វ៉ាក់សាំង COVID-19 មួយដូសដំបូង (ក្នុងនោះមួយចំនួនក៏បានទទួលដូសទី ២ រួចរាល់ផងដែរ) ខណៈ ២៨.៧លាននាក់ទៀតគឺត្រូវបានសន្មត់ថា បានទទួលដូសទី ២ រួចរាល់តែម្តង៕