(វែលីងតុន)៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃកោះ North Island ប្រទេសនូវែលសេឡង់ នៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែភ្លាមៗមិនមាន សេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ។ នេះបើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីនូវែលសេឡង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីនូវែលសេឡង់បានបញ្ជាក់ទៀតថាគ្រោះរញ្ជូយដីខាងលើកើតឡើងនៅចម្ងាយ ១៤០គីឡូម៉ែត្រពីភាគខាងកើតនៃតំបន់ Te Araroa ដោយមានជម្រៅរញ្ជួយទៅក្នុងដី ៣៣គីឡូម៉ែត្រ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ គ្រោះរញ្ជួយដី៣លើកផ្ទួនៗគ្នា បានវាយប្រហារលើតំបន់ឆ្នេរភាគខាងជើងប្រទេសនូវែលសេឡង់ ក្នុងនោះរួមមានទាំងគ្រោះរញ្ជួយដីមួយដែលកម្រិតដល់ទៅ ៨.១រ៉ិចទ័រ ដែលបង្កឱ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ និងការជម្លៀសប្រជាជនរាប់ពាន់នាក់ទៅកាន់ទីទួលខ្ពស់ មានសុវត្ថិភាព។ ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនេះត្រូវបានដកទៅវិញ ប៉ុន្តែទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីនូវែលសេឡង់បានព្យាករថាគ្រោះរញ្ជួយដីថ្មីៗ អាចនឹងបន្តកើតឡើងនៅក្នុងរយៈពេល៣០ថ្ងៃខាងមុខ៕