(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថារបាយការណ៍នៃបេសកកម្មទៅកាន់ទីក្រុងវូហាន ប្រទេសចិនដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុស កូរ៉ូណា COVID-19 ត្រូវបានរំពឹងថាអាចនឹងចេញផ្សាយនៅពាក់កណ្ដាលខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

លោក ភីតធើ បេន អិមបារ៉េក (Peter Ben Embarek) ជាប្រធានដឹកនាំបេសកកម្មស៊ើបអង្កេត ធ្វើការបញ្ជាក់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Ben Embarek បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «របាយការណ៍ស្ដីពីការស៊ើបអង្កេត អាចនឹងត្រូវចេញផ្សាយនៅថ្ងៃទី១៤ ឬនៅថ្ងៃទី១៥ ខែមីនានេះ»

គួរបញ្ជាក់ថា លោក Ben Embarek ដែលជាអ្នកជំនាញរបស់ WHO ផ្នែកជំងឺឆ្លងពីសត្វទៅមនុស្សធ្លាប់បាននិយាយនៅពេលបិទបញ្ចប់បេសកកម្មស៊ើបអង្កេត កាលពីខែកុម្ភៈកន្លងទៅថា វីរុសកូរ៉ូណា COVID-19 គឺមានប្រភពមកពីសត្វប្រចៀវ បើទោះបីជាគេមិនទាន់អាចកំណត់បានថាតើវាឆ្លងពីសត្វទៅមនុស្សដោយរបៀប ណាក៏ដោយ។ បន្ថែមពីលើនេះ លោកបានបដិសេធផងដែរចំពោះការលើកឡើងថាវីរុសនេះលេចធ្លាយចេញពីមន្ទីរពិសោធន៍ ឬមនុស្សជាអ្នកបង្កើត៕