(បាដាដ)៖ សម្តេចប៉ាបហ្វ្រង់ស័របានទៅដល់ទីក្រុងបាដាដ នៃប្រទេសអ៊ីរ៉ាក់ហើយនៅថ្ងៃសុក្រ ទី៥ ខែមីនានេះសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសមួយ ដែលប្រកបដោយគ្រោះថ្នាក់បំផុតចាប់តាំងពីលោកបានជាប់ឆ្នោតកាលពីឆ្នាំ ២០១៣។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

យន្តហោះ Alitalia មួយគ្រឿងដឹកសម្តេច រួមទាំងសហការីរបស់សម្តេច ដោយអបជាមួយសន្តិសុខនិងអ្នកកាសែតប្រហែល ៧៥នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិបាដាដ នៅវេលាម៉ោង ២រសៀលម៉ោងក្នុងតំបន់។

អ៊ីរ៉ាក់បានដាក់ពង្រាយកងសន្តិសុខរាប់ពាន់នាក់បន្ថែម ដើម្បីការពារសន្តិសុខសម្តេចប៉ាបវ័យ ៨៤ឆ្នាំ នៅក្នុងដំណើរទស្សនកិច្ចមួយ ដែលបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតនិងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានបង្កការព្រួយបារម្ភដល់សុវត្ថិភាពរបស់សម្តេច។

សម្តេចប៉ាបហ្វ្រង់ស័របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ទៅកាន់អ្នកយកព័ត៌មាននៅលើយន្ដហោះយ៉ាងដូច្នេះថា«ខ្ញុំពិតជារីករាយណាស់ដែលបានហោះហើរម្តងទៀត...នេះជាដំណើរទស្សនកិច្ចដែលមានលក្ខណៈនិមិត្តរូប ហើយវាជាកាតព្វកិច្ចឆ្ពោះទៅកាន់ទឹកដីដែលត្រូវបានគេទុកចោលអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។

ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ សម្តេចប៉ាបហ្វ្រង់ស័រនឹងនិយាយជាសន្ទរកថានៅចំពោះមុខមនុស្សជាច្រើន នៅឯព្រះវិហារគ្រឹះមួយនៅទីក្រុងបាដាដ ហើយសម្តេចនឹងជួបជាមួយបព្វជិតអ៊ីស្លាមនិកាយស៊ីអ៊ីត នៅទីក្រុង Najaf នៅភាគខាងត្បូងអ៊ីរ៉ាក់។ បន្ទាប់មកទៀត សម្តេចនឹងធ្វើដំណើរទៅភាគខាងជើងនៃទីក្រុង Mosul។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅប្រទេសអ៊ីរ៉ាក់នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេច នៅក្រៅប្រទេសអ៊ីតាលីចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៩ មក៕