(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃសុក្រនេះបានប្រកាសអូសបន្លាយស្ថានភាពអាសន្ន លើតំបន់ទីប្រជុំជននៃទីក្រុងតូក្យូ រយៈពេល ២ សប្តាហ៍ទៀត ពោលរហូតដល់ថ្ងៃទី២១ ខែមីនា ដោយសារតែចំនួនអ្នកឆ្លងមិនបានធ្លាក់ចុះគ្រប់គ្រាន់ ដើម្បីបញ្ចប់ស្ថានភាពដូចការគ្រោងទុក កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានគូសបញ្ជាក់ថា លោក Suga បានធ្វើការសម្រេចចិត្តអូសបន្លាយពេលនៃស្ថានភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងតំបន់ជុំវិញទីក្រុងចំនួន០៣ គឺតំបន់ Kanagawa តំបន់ Chiba និងតំបន់ Saitama នៅឯកិច្ចប្រជុំក្រុមការងារជំងឺ COVID-19 របស់រដ្ឋាភិបាល នៅថ្ងៃសុក្រនេះ។

ការពន្យាពេលនេះគឺជាលើកទី២ ហើយ ចាប់តាំងពីលោក Suga បានប្រកាសភាពអាសន្ននៅដើមខែមករាកន្លងទៅ ដោយលោកនាយករដ្ឋមន្រ្តីរូបនេះបានមានប្រសាសន៍ថា វិធានការនេះគឺការចាំបាច់ដើម្បីការពារអាយុជីវិត និងជីវភាពរបស់ប្រជាជនជប៉ុន។

អ្នកជំនាញផ្នែកសុខភាព និងមន្រ្តីមូលដ្ឋានបានសម្តែងការព្រួយបារម្ភថា ការដកស្ថានភាពអាសន្នសម្រាប់ទាំងតំបន់នេះឆាប់ពេក នឹងអាចនាំឲ្យមានការផ្ទុះឡើងជាថ្មីនៃករណីឆ្លងជំងឺ COVID-19 ខណៈដែលប្រព័ន្ធសុខាភិបាលជាថ្មីម្តងទៀត មានភាពតានតឹងកាន់តែខ្លាំងឡើង។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 ឲ្យបានមុនព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកដែលគ្រោងនឹងចាប់ផ្តើម ក្នុងរយៈពេលតិចជាង ៥ខែខាងមុខនេះ។ ចាប់តាំងពីស្ថានភាពអាសន្នត្រូវបានប្រកាស ប្រជាជនត្រូវបានគេស្នើសុំយ៉ាងទទូចឲ្យបញ្ឈប់ការធ្វើដំណើរណាដែលមិនចាំបាច់ និងធ្វើការពីផ្ទះ។

នៅថ្ងៃសុក្រនេះ ជប៉ុនបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១,១៤៨ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៤៣៧,៨៦១ករណី ក្នុងនោះស្លាប់ចំនួន ៨,២១១នាក់៕