(ប៉េកាំង)៖ អាជ្ញាធរផ្នែកអវកាសចិនបានឲ្យដឹងថា ក្រុមអវកាសយានិកដែលនឹងត្រូវចូលរួម ក្នុងដំណើរការសាងសង់ស្ថានីយអវកាសរបស់ប្រទេសចិនផ្ទាល់នោះ គឺត្រូវបានជ្រើសរើសរួចរាល់ហើយ ខណៈពួកគេកំពុងតែទទួលកាហ្វឹកហាត់ដើម្បីត្រៀមបំពេញបេសកកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

ក្នុងឆ្នាំ២០២១នេះ ប្រទេសចិននឹងចាប់ផ្តើមបេសកកម្មមួយចំនួន ពាក់ព័ន្ធនឹងការសាងសង់ស្ថានីយអវកាសរបស់ខ្លួន ក្នុងនោះរួមមានទាំង ការបញ្ជូនកំណាត់បន្ទប់ស្នូលរបស់ស្ថានីយ ការបញ្ជូនសម្ភារៈផ្គត់ផ្គង់ផ្សេងៗ ព្រមទាំងការបញ្ជូនអវកាសយានិក ឡើងទៅកាន់ទីអវកាស ដោយបេសកកម្មទាំងនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់គ្នាតែម្តង។

ចិនបានដាក់គោលដៅថា នឹងសម្រេចការសាងសង់ស្ថានីយអវកាសរបស់ខ្លួន ឲ្យបានចប់រួចរាល់ជាស្ថាពរនៅខ្ទង់ឆ្នាំ២០២២ ខាងមុខនេះ។ កំឡុងដំណើរការសាងសង់របស់វា ចិនគ្រោងចេញបេសកកម្មយានអវកាស Shenzhou ចំនួនសរុប០៤ជើង និងយានអវកាស Tianzhou សរុបចំនួន០៤ជើងដូចគ្នា ដើម្បីដឹកជញ្ជូនអវកាសយានិក ក៏ដូចជាសម្ភារៈផ្សេងៗ។

គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែតស៊េរីថ្មី Long March-5B Y2 ដែលនឹងប្រើសម្រាប់ការបាញ់បង្ហោះកំណាត់បន្ទប់ស្នូល របស់ស្ថានីយអវកាសចិន ត្រូវបានដឹកជញ្ជូនទៅកាន់មូលដ្ឋានបង្ហោះយានអវកាស Wenchang ក្នុងខេត្ត Hainan ដោយសុវត្ថិភាព។ ការបាញ់បង្ហោះកំណាត់បន្ទប់នេះ ត្រូវបានកំណត់ពេលវេលាថា នឹងប្រព្រឹត្តទៅនៅអំឡុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះ៕