(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញនូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មីដែលមានប្រភពដើម មកពីប្រទេសអាហ្វ្រិកខាងត្បូងចំនួន ៥២ករណីបន្ថែមទៀត ដែលវាជាបញ្ហាប្រឈមថ្មីមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃករណីឆ្លងនៃជំងឺដ៏កាចសាហាវ មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលហ្វីលីពីន បានគូសបញ្ជាក់ថា ក្នុងចំណោមករណីថ្មីៗនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលត្រូវបានគេស្គាល់ថា B1351 ខាងលើនេះ មាន៤១ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងម៉ានីល។ ហ្វីលីពីនបានរាយការណ៍ពីការរកឃើញនូវករណីឆ្លងវីរុសនេះដំបូងបំផុតចំនួន ០៦ករណីកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ហ្វីលីពីនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប៉ុន្តែអ្នកជំនាញសុខភាពមានការព្រួយបារម្ភថា ការរកឃើញនូវករណីឆ្លងនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី អាចធ្វើឲ្យមានការស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់ខ្លួន៕