(ប៉េកាំង)៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នេះថា ប្រឈមនឹងបញ្ហាដ៏កម្រក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០២០ ប្រទេសចិនបានចាត់ទុកការផ្តល់ឱកាសការងារ ជាភារកិច្ចចម្បងដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងឆ្នាំ២០២០កន្លងទៅនេះ នៅទីក្រុងនិងជនបទទូទាំងប្រទេសចិន ឱកាសការងារថ្មីៗរហូតដល់ចំនួន ១១,៨៦០,០០០កន្លែង ត្រូវបានបង្កើតឡើងបន្ថែមទៀត ខណៈដែលអត្រាបាត់បង់ការងារនៅទីក្រុង និងជនបទ នាចុងឆ្នាំដដែលបានធ្លាក់មកនៅត្រឹម ៥.២ភាគរយ។ នៅឆ្នាំ២០២១នេះវិញ ប្រទេសចិនគ្រោងបន្ថែមឱកាសការងារថ្មីៗ នៅតាមទីក្រុងនិងជនបទឲ្យលើសពី ១១លានកន្លែង ចំណែកអត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទ មានចំនួនប្រមាណ ៥.៥ភាគរយ។

ដោយឡែក បើតាមប្រភពទិន្នន័យមួយចំនួនឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០២០ ស្ថាប័នក្រៅពីវិស័យកសិកម្មនៃអាមេរិក បានកាត់បន្ថយកម្លាំងពលកម្មចំនួន ១៤ម៉ឺននាក់ ហើយអត្រាបាត់បង់ការងារគឺ ៦.៧ភាគរយ។ ចំណែកអត្រាបាត់បង់ការងារ នៃតំបន់ចាយប្រាក់អឺរ៉ូវិញគឺ ៨.៣ភាគរយ។ រីឯអត្រាបាត់បង់ការងារនៅជប៉ុនគឺ ២.៩% ហើយអត្រាបាត់បង់ការងារនៅឥណ្ឌាបានកើនដល់ ៩.០៦ភាគរយ ខណៈនៅអាហ្វ្រិកខាងត្បូងវិញ មានអត្រាបាត់បង់ការងារនៅត្រីមាសទី៤ ឆ្នាំ២០២០ រហូតដល់ ៣២.៥ភាគរយ៕