(ប៉េកាំង)៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំលើកទី៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានបើកធ្វើនៅក្រុងប៉េកាំង។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជា លោកស៊ី ជីនភីង ជាដើម និងតំណាងប្រជាជនជិត៣,០០០រូប បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាត។

ឆ្នាំ២០២១នេះ ជាការចាប់ផ្តើមអនុវត្តផែនការ៥ឆ្នាំទី១៤។ មជ្ឈដ្ឋានទូទៅយកចិត្តទុកដាក់ខ្លាំងលើបញ្ហាថា តើប្រទេសចិនដែលជិតនឹងចាប់ដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ នឹងផ្តោតលើការអភិវឌ្ឍយ៉ាងដូចម្តេច។

លោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិនបានថ្លែងរបាយការណ៍ការងាររដ្ឋាភិបាល ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដោយបានបូកសរុបផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ ព្រមទាំងលើកឡើងនូវទិសដៅនិងភារកិច្ចសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន ក្នុងអំឡុងពេលអនុវត្តផែនការ ៥ឆ្នាំទី១៤ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា។

សូមបញ្ជាក់ថា របាយការណ៍ផែនការដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជននិងរដ្ឋ ហើយនិងរបាយការណ៍ថវិកាជាតិ ក៏ត្រូវបានដាក់ជូនអង្គប្រជុំក្នុងពិធីបើកមហាសន្និបាតផងដែរ។ លើសពីនេះទៅទៀត កិច្ចប្រជុំនេះនឹងធ្វើការពិនិត្យពិភាក្សាអំពីសេចក្តីព្រាងច្បាប់ នៃការធ្វើវិសោធនកម្មលើច្បាប់រៀបចំចាត់ចែង នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងសេចក្តីព្រាងច្បាប់ នៃការធ្វើវិសោធនកម្មលើលក្ខន្តិកៈពិនិត្យពិភាក្សាការងារ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ។

សេចក្តីព្រាងច្បាប់ទាំងពីរនេះនឹងធ្វើឱ្យមានសុក្រឹតភាពថែមទៀតនូវ របបសភាតំណាងប្រជាជន ដែលជារបបនយោបាយមូលដ្ឋានរបស់ប្រទេសចិន។ កិច្ចប្រជុំក៏នឹងធ្វើការពិនិត្យពិភាក្សាអំពី «សេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវ របបបោះឆ្នោតនៅតំបន់រដ្ឋបាលពិសេសហុងកុង» ជាដើម៕