(ប៉េកាំង)៖ ប្រទេសចិនបានធ្វើការអំពាវនាវយ៉ាងទទូច ឲ្យប្រទេសលីទុយអានី គោរពគោលនយោបាយចិនតែមួយ ដោយក្នុងនោះមានចែងយ៉ាងច្បាស់ថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយ របស់ប្រទេសចិនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

ការអំពាវនាវនេះត្រូវបានធ្វើឡើង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) នៅក្នុងសន្និសីទសារព័ត៌មានមួយ ចេញពីរដ្ឋធានីប៉េកាំងនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។ លោក វ៉ាង វិនពីន បានអំពាវនាវឲ្យប្រទេសលីទុយអានី គោរពគោលនយោបាយចិនតែមួយ ក្រោយពីភាគចិនបានទទួលដំណឹងមកថា ប្រជាជាតិស្ថិតនៅតំបន់អឺរ៉ុបខាងកើតមួយនេះ គ្រោងបើកការិយាល័យតំណាងពាណិជ្ជកម្មមួយ នៅកោះតៃវ៉ាន់ក្នុងឆ្នាំ២០២១ នេះតែម្តង។

គួរបញ្ជាក់ថា គោលបំណងនៃការបើកការិយាល័យតំណាងពាណិជ្ជកម្ម របស់លីទុយអានីនៅកោះតៃវ៉ាន់ គឺដើម្បីជំរុញវិស័យពាណិជ្ជកម្មរវាង ប្រទេសអឺរ៉ុបមួយនេះ និងកោះតៃវ៉ាន់។ ប្រទេសចិនបានបង្ហាញជំហរជំទាស់ ចំពោះរឿងនេះយ៉ាងខ្លាំង និងជំរុញឲ្យលីទុយអានីងាកមកអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមគោលនយោបាយចិនតែមួយ៕