(អាមេរិក)៖ ក្រសួងការពារជាតិអាមេរិកបានបង្ហាញក្តីបារម្ភ ជុំវិញរបាយការណ៍មួយក្នុងសប្តាហ៍នេះ របស់អង្គការសហប្រជាជាតិ (UN) ដែលបានឲ្យឃើញតំរុយពីសកម្មភាព អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយក្រសួងការពារជាតិអាមេរិក ក៏បានសង្កត់ធ្ងន់ដែរថា សកម្មភាពបែបនេះអាចនឹងបង្កើនភាពតានតឹងជាថ្មី រវាងអាមេរិកជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

លោក ម៉ៃខឺល ស្ទូដឺមែន (Michael Studeman) នាយកស៉ើបការណ៍សម្ងាត់ នៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកបាននិយាយថា សកម្មភាពរបស់កូរ៉េខាងជើង ដែលត្រូវបានរំលេចក្នុងសប្តាហ៍នេះ ដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) របស់ UN អាចមានគោលដៅជា «ការព្យាយាមទាក់ទាញចំណាប់អារម្មណ៍» ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយប្រហែលជាយុទ្ធសាស្រ្តមួយ ដើម្បីជំរុញឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មផងដែរ។

បើតាមមន្រ្តីយោធាអាមេរិករូបនេះបានបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកកំពុងតែ ពិនិត្យមើលយ៉ាងល្អិតល្អន់ ជុំវិញរបាយការណ៍ខាងលើ ហើយវាជារឿងគួរឲ្យបារម្ភជាខ្លាំង ចំពោះទិសដៅដែលទីក្រុងព្យុងយ៉ាង កំពុងតែរំកិលទៅរកនោះ។ លោក Studeman ក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលលោក បៃដិន កំពុងវាយតម្លៃលើគោលនយោបាយអាមេរិក ពាក់ព័ន្ធនឹងកូរ៉េខាងជើងនៅឡើយ។

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ អគ្គនាយក IAEA បានអះអាងថា កូរ៉េខាងជើងបានបំពានលើទណ្ឌកម្មរបស់ UN តាមរយៈការបន្តសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដោយលើកឡើងនូវការធ្វើសកម្មភាព នៅតាមទីតាំងមួយចំនួនក្នុងទឹកដីកូរ៉េខាងជើង ដែលលោកអះអាងថា ជាការចម្រាញ់សារធាតុសម្រាប់ប្រើប្រាស់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕