(វ៉ាស៉ីនតោន)៖ ប៉ូលិសអាមេរិកបានឲ្យដឹងថា ពួកគេបានបង្កើនការពង្រឹងសន្តិសុខបន្ថែម នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីការស៊ើបការណ៍សម្ងាត់មួយបានរកឃើញថា អាចមានការវាយលុកវិមានសភាអាមេរិក ជាថ្មីម្ដងទៀត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលនៅតែប្រកាន់់ជំហររបស់ពួកគេថា អតីតប្រធានាធិបតីរូបនេះ ទើបជាអ្នកដែលបានឈ្នះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

ចំហាយនៃការគំរាមកំហែងជាថ្មីខាងលើនេះ បានកើតឡើងអស់រយៈពេលជិតពីរខែ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក ត្រាំ រួមទាំងក្រុមស្ដាំនិយមមួយមានឈ្មោះថា ឃ្យូអេណុន (QAnon) បានវាយលុកវិមានសភា ដោយការប្រើប្រាស់អំពើហិង្សា រហូតបានបណ្ដាលឲ្យមនុស្ស ០៥នាក់ស្លាប់ (ម្នាក់ជាមន្ត្រីប៉ូលិស)។ ក្រុម QAnon មួយចំនួននៅតែជឿជាក់ថា លោក ត្រាំ ត្រូវបានគេលួចបន្លំសន្លឹកឆ្នោត ហើយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពួកគេអាចនឹងធ្វើការតវ៉ា ដើម្បីទាមទារអំណាច ឲ្យអតីតប្រធានាធិបតីអាមេរិករូបនេះវិញ។

ប៉ូលិសអាមេរិកបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «យើងបានទទួលព័ត៌មាន ក្រោយការស៊ើបការណ៍សម្ងាត់មួយ ដែលបានរកឃើញផែនការអាចទៅរួច ក្នុងការវាយលុកវិមានសភាអាមេរិកជាថ្មីម្ដងទៀត ដោយក្រុមអ្នកគាំទ្ររបស់លោក ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១នេះ»

ប៉ូលិសអាមេរិកបានគូសបញ្ជាក់បន្ថែមទៀតថា «យើងបានពង្រឹងសន្តិសុខសុវត្ថិភាព ឱ្យប្រសើរឡើងវិញរួចទៅហើយ រួមទាំងការបង្កើតរចនាសម្ព័ន្ធសន្តិសុខ និងការបង្កើនចំនួនកងកម្លាំង ដើម្បីធានាការការពារវិមានសភា សាធារណៈជន និងមន្ត្រីរបស់យើង»។ បើតាមប៉ូលិសអាមេរិក ក្រុម QAnon បានជជែកគ្នាតាមប្រព័ន្ធអ៊ីនធើណិតថា ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាថ្ងៃស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់តាមប្រវត្តិសាស្ត្រអាមេរិកថា ប្រធានាធិបតីភាគច្រើន ត្រូវបានកំណត់ឲ្យប្រារព្ធពិធីស្បថឡើងកាន់តំណែង នៅថ្ងៃទី០៤ ខែមីនា នៅក្រោយពេលឈ្នះឆ្នោត។ ប៉ុន្តែរហូតដល់ឆ្នាំ១៩៣៣ ទើបកាលបរិច្ឆេទនេះ ត្រូវបានផ្លាស់ប្តូរមកកាន់ថ្ងៃទី២០ ខែមករាវិញ៕