(វៀងច័ន្ទ)៖ បុគ្គលិកសុខាភិបាល ១៥០,០០០នាក់ នៅក្នុងប្រទេសឡាវនឹងទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅក្នុងខែមីនានេះ និងខែមេសាខាងមុខដោយប្រើប្រាស់វ៉ាក់សាំងដែលជាអំណោយចិនរបស់ក្រុមហ៊ុន Sinopharm។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន Vientiane Times ប្រជាជនឡាវដែលស្ថិតនៅក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះមានអាយុចាប់ពី១៨ឆ្នាំ ដល់៦០ឆ្នាំ រួមទាំងអ្នកមានជំងឺប្រចាំកាយ ក៏នឹងទទួលបានការចាក់ វ៉ាក់សាំងជាអាទិភាពផងដែរ។ Vientiane Times ឱ្យដឹងទៀតថាវាគឺជាការចាក់វ៉ាក់សាំងជុំទី២ ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាលខែមីនា រហូតដល់ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីជុំទី១ត្រូវបានបញ្ចប់លើបុគ្គលិកសុខាភិបាលស័្មគ្រចិត្តចាក់វ៉ាក់សាំង COVID-19 កាលពីចុងឆ្នាំ២០២០កន្លងទៅ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ឡាវមានអ្នកឆ្លង COVID-19 សរុប៤៥នាក់តែប៉ុណ្ណោះ ក្នុងនោះ៤២នាក់បានជាសះស្បើយ ឡើងវិញ៕