(វ៉ាស៊ីនតោន)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ណូវ៉ាវ៉ាកស៍ (Novavax) អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក នៅពេលឆាប់ៗនេះ ឬអាចនៅខែឧសភា ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យ នៃការធ្វើតេស្ដនៅចក្រភពអង់គ្លេស ដែលនឹងត្រូវបិទបញ្ចប់ នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិក្រុមហ៊ុន Novavax លោក ស្ទែនលី អ៊ឺក (Stanley Erck) បានឱ្យដឹងថា កិច្ចចរចាជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កំពុងធ្វើឡើងនៅឡើយ ហើយទីភ្នាក់ងារមួយនេះអាចនឹងតម្រូវឱ្យក្រុមហ៊ុន Novavax បង្ហាញនូវទិន្នន័យធ្វើតេស្ដរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដែលនេះអាចនឹងត្រូវការពេលបន្ថែម ០២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬអាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅពាក់កណ្ដាលរដូវក្ដៅឯណោះ។

គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព ៩៦ភាគរយនៅក្នុងការធ្វើតេស្ដនៅចក្រភពអង់គ្លេស ក្នុងការប្រឆាំងវីរុស COVID-19 ទម្រង់ធម្មតា និង ៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនថ្មី។ វ៉ាក់សាំងក្រុមហ៊ុន Novavax គឺជាប្រភេទវ៉ាក់សាំងដែលតម្រូវឱ្យចាក់ពីរដូស ដូចគ្នាទៅវ៉ាក់សាំងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ដែរ។

បន្ថែមពីខាងលើនេះ វ៉ាក់សាំង Novavax មានភាពងាយស្រួលស្ដុកទុក និងដឹកជញ្ជូនជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ហើយបើត្រូវបានអនុម័ត នោះវានឹងក្លាយជាវ៉ាក់សាំងទី ៤ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech, ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson & Johnson៕