(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន United Airlines នៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួនបានបញ្ជាទិញយន្ដហោះ Boeing ប្រភេទ 737 MAX ចំនួន ២៥គ្រឿងបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍

។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅយប់ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

លោក Andrew Nocella ប្រធានពាណិជ្ជកម្មរបស់ក្រុមហ៊ុន United Airlines បានមានប្រសាសន៍ថា «នៅពេលដែលយើងកំពុងគ្រោងសម្រាប់ពេលអនាគត និងការត្រឡប់មកវិញនៃតម្រូវការ យើងបានរិះរកគ្រប់មធ្យោបាយដែលល្អបំផុត ដើម្បីទាញយកផលប្រយោជន៍ពីបំណងប្រាថ្នារបស់ប្រជាជនសម្រាប់ការធ្វើដំណើរ»

បន្ថែមពីលើការបញ្ជាទិញយន្ដហោះ Boeing ប្រភេទ 737 MAX ចំនួន ២៥គ្រឿងខាងលើ ដែលគ្រោងនឹងប្រគល់នៅឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោនេះបាននិយាយថា ខ្លួនបានពន្លឿនការដឹកជញ្ជូនយន្ដហោះប្រភេទ MAX ចំនួន ៤០គ្រឿងបន្ថែមទៀតនៅឆ្នាំ២០២២ និង០៥គ្រឿងទៀតរហូតដល់ឆ្នាំ ២០២៣ ។ ជាសរុប ក្រុមហ៊ុន United Airlines បានបញ្ជាក់ពីការប្តេជ្ញាចិត្តថានឹងបញ្ជាទិញឲ្យបាន ១៨៨គ្រឿងនៃយន្តហោះប្រភេទ MAX។

គួររំលឹកថា យន្តហោះ Boeing ប្រភេទ 737 MAX ខាងលើត្រូវបានផ្អាកការហោះហើរ នៅទូទាំងពិភពលោក កាលពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ចំនួន២ករណី ក្នុងរយៈពេលត្រឹមតែ៥ខែ ដោយបានសម្លាប់មនុស្សសរុប៣៤៦នាក់។

ការបោះឆ្នោតផ្តល់ទំនុកចិត្តលើយន្ដហោះនេះឡើងវិញ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) បានដកបម្រាមរបស់ខ្លួនវិញកាលពីខែវិច្ឆិកា ក្រោយពីក្រុមហ៊ុន Boeing បានបង្កើតកម្មវិធី និងការផ្លាស់ប្តូរផ្សេងទៀតចំពោះយន្តហោះដឹកអ្នកដំណើរ៕