(តួកគី)៖ បើយោងតាមអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍នាពេលថ្មីៗនេះ នៅខេត្ត Izmir នៃប្រទេសតួកគីបានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍ពិភពលោក ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកវិញយ៉ាងរស់រវើកនៅឆមាសទី២ នៃឆ្នាំនេះ ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោកបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

អ្នកតំណាងទេសចរណ៍មកពីប្រទេសផ្សេងៗគ្នាបានពិភាក្សាអំពីបញ្ហាប្រឈម និងនិន្នាការថ្មីនៃឧស្សាហកម្មនេះ ក្នុងអំឡុងពេលពិព័រណ៍ឌីជីថលទេសចរណ៍តួកគីលើកទី១៤ ដែលបានប្រារព្ធឡើងតាមអនឡាញជាលើកដំបូងកាលពីថ្ងៃទី ២៥-២៧ ខែកុម្ភៈកន្លងទៅ។

សមាគមទីភ្នាក់ងារទេសចរណ៍តួកគី (TURSAB)បាននិយាយថា អ្នកចូលរួមទាំងអស់បានយល់ស្របថា ឧស្សាហកម្មទេសចរណ៍នឹងមានការងើបឡើងវិញយ៉ាងខ្លាំង ដោយសារកម្មវិធីចាក់វ៉ាក់សាំងជាច្រើនបាននិងកំពុងបន្ថែមល្បឿននៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ TURSAB បានបង្ហាញថា ក្នុងឆ្នាំ២០២០ ឧស្សាហកម្មទេសចរណ៍ពិភពលោក មានការថយចុះរហូត ៧៤ភាគរយ។

លោក Firuz Baglikaya ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍តួកគី (TURSAB) បានមានប្រសាសន៍ថា វិស័យទេសចរណ៍តួកគីត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ ២០លាននាក់នៅឆ្នាំ២០២១នេះ ដោយសារកម្មវិធីចាក់វ៉ាក់សាំងបន្តលើកទឹកចិត្ត ជាពិសេសនៅក្នុងទីផ្សារចម្បងរបស់តួកគី តួយ៉ាងដូចជាសហភាពអឺរ៉ុប និងប្រទេសរុស្ស៊ីជាដើម៕