(សិង្ហបុរី)៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក វីវាន បាឡាគ្រីសណាន់ (Vivian Balakrishnan) នៅថ្ងៃចន្ទនេះបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការប្រើប្រាស់មធ្យោបាយបង្រ្កាប ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតក្រុមបាតុករ ហើយដោះលែងទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូ ជី និងអ្នកនយោបាយដទៃទៀតដែលជាប់ឃុំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

លោក Balakrishnan បានលើកឡើងថា ស្ថានការណ៍វិវត្តន៍ថ្មីៗកន្លងទៅនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺកាន់តែគួរឲ្យបារម្ភបំផុតចំពោះសិង្ហបុរី និងចំពោះគ្រួសារប្រជាជាតិអាស៊ាន។ លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានលើកឡើងនូវការដែលកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាប្រើប្រាស់គ្រាប់ កាំភ្លើងពិត គ្រាប់កាំភ្លើងកៅស៊ូ គ្រាប់បែកវង្វេងស្មារតី និងឧស្ម័នបង្ហួរទៅភ្នែកលើក្រុមបាតុករ ដែលបា នធ្វើឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

លោក Balakrishnan បានស្នើឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់រាល់ការប្រើប្រាស់មធ្យោបាយបង្ក្រាបទាំងឡាយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន ហើយលោកបានសង្កត់ធ្ងន់ថា សិង្ហបុរីប្រកាន់ជំហររឹងមាំដោយប្រឆាំងជានិច្ច ចំពោះការប្រើប្រាស់អាវុធគ្រោះថ្នាក់នានា ទៅលើជនស៉ីវិលគ្មានអាវុធក្នុងដៃ ដែលការធ្វើបែបនោះ គឺពុំអាចលើកហេតុផលមកការពារបានឡើយ ទោះក្នុងកាលៈទេសៈរបៀបណាក៏ដោយ។

ជាចុងក្រោយ ប្រមុខការទូតសិង្ហបុរីរូបនេះបានគូសបញ្ជាក់ថា បញ្ហាអស្ថិរភាពនៅមីយ៉ាន់ម៉ា បើបណ្តោយឲ្យអូសបន្លាយកាន់តែយូរ នឹងជះផលវិបាកធ្ងន់ធ្ងរចំពោះប្រទេសមីយ៉ាន់ម៉ាផ្ទាល់ និងចំពោះសមាគមអាស៊ាន ក៏ដូចជាពាសពេញតំបន់ទាំងមូល។ ដូច្នេះលោកអំពាវនាវឲ្យគ្រប់ភាគីព្យាយាមចរចាគ្នាដោយសន្តិវិធីវិញ សំដៅឆ្ពោះទៅរកដំណោះស្រាយ ដែលឋិតថេររយៈពេលវែង ប៉ុន្តែដើម្បីរឿងនេះអាចចាប់ផ្តើមឡើងបាន គឺទាល់តែមានការដោះលែងលោកប្រធានាធិបតី លោក វីន ម្យីនត៍ (Win Myint) និងលោកស្រី អោង សាន ស៊ូ ជី ព្រមទាំងអ្នកនយោបាយ ដែលកំពុងជាប់ឃុំឃាំងដទៃៗទៀត៕