(បរទេស)៖ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា សិទ្ធិរស់រានមានជីវិតជាសិទ្ធិមូលដ្ឋាននៃមនុស្សគ្រប់រូប មិនថាមានកំណើតក្នុងប្រទេសអភិវឌ្ឍន៍ ឬប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងត្រកូលអភិជន ឬត្រកូលអ្នកក្រីក្រនោះទេ។ ក្នុងន័យនេះ សិទ្ធិរស់រានមានជីវិតត្រូវទទួលបានការគោរពជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ការយាយីនៃជំងឺកូវីដ-១៩ បានញ៉ាំងឱ្យពិភពលោកទាំងមូល ស្ថិតក្រោមស្រមោលខ្មៅដ៏អាប់អួ ដែលបង្កជាបញ្ហាប្រឈមពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជិតមួយសតវត្សរ៍មកនេះ ចំពោះបណ្តាប្រទេសនានា។ ជំងឺរាតត្បាតជាសកលនេះ បានពញ្ញាក់ស្មារតីរបស់រដ្ឋាភិបាល និងប្រជាជនគ្រប់ប្រទេស ឱ្យចូលរួមទប់ស្កាត់ក្នុងភាពប្រុងប្រយ័ត្នខ្ពស់។ ប៉ុន្តែ ជំងឺឆ្លងដែលអូសបន្លាយជាងមួយឆ្នាំហើយមកនេះ ហាក់ដូចជាធ្វើឱ្យមនុស្សមួយចំនួនភ្លេចថា វាស្ថិតនៅក្បែរយើងទេ ឱ្យតែប្រហែសវាអាចនឹងឆ្លងជាមិនខាន ដូចពាក្យថា «យើងភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ»។

ជាក់ស្តែងយើងឃើញថា ជំងឺកូវីដ-១៩ បានបង្កជាការរាតត្បាតរលកទី២, ទី៣ ,ទី៤ ជាបន្តបន្ទាប់ ដោយអំណាចឥតស្រមោលរបស់វា។ ពិតមែនតែប្រទេសនានា បានចាត់វិធានការផ្សេងៗទៅតាមសភាពការណ៍នៃប្រទេសរៀងៗខ្លួនក្តី ប៉ុន្តែសម្រាប់ដំណាក់កាលបច្ចុប្បន្ននេះ យើងឃើញថា មានតែវ៉ាក់សាំងប៉ុណ្ណោះ ដែលជាអាវុធដ៏មានប្រសិទ្ធភាពបំផុតសម្រាប់យកឈ្នះលើជំងឺឆ្លងនេះ។

យ៉ាងណាមិញ នៅក្នុងខណៈដែលប្រជាជនទូទាំងពិភពលោក កំពុងតែមានក្តីរំភើបរីករាយព្រោះមើលឃើញពន្លឺនៃសង្ឃឹម ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩ ដោយសារតែការធ្វើតេស្តដោយជោគជ័យ និងការដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មួយចំនួន បែរជាមានប្រទេសខ្លះ បានស្តុកវ៉ាក់សាំងទុកធ្វើជាដើមទុននយោបាយ ឬប្រកាន់យកគំនិត «វ៉ាក់សាំងជាតិនិយម» ទៅវិញ។ ទង្វើបែបនេះវាមិនត្រឹមតែបំផ្លាញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមាថដល់អាយុជីវិតរបស់មនុស្សទៀតផង។

នៅមុនពេលដែលវ៉ាក់សាំងជំងឺកូវីដ-១៩ លេចចេញជារូបរាង មេដឹកនាំនៃអង្គការពិភពលោក និងប្រទេសជាច្រើនសុទ្ធតែ បានចេញមុខអំពាវនាវឱ្យមាន ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។ ក្នុងន័យនេះ ប្រទេសជាច្រើនបានរួមគ្នាបង្កើតកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលសឱ្យឃើញពីការគោរពសិទ្ធិរស់រានមានជីវិតរបស់មនុស្សគ្រប់រូប។

អ្វីដែលគេតែងសង្កេតឃើញនោះគឺ ក្នុងកាលៈទេសៈជាច្រើន លោកប្រធានរដ្ឋចិន ស៊ី ជីនភីង តែងបានគូសបញ្ជាក់ជាច្រើនលើកច្រើនសា ពីគោលជំហររបស់ប្រទេសចិន គឺចាត់ទុកវ៉ាក់សាំងចិន ជាផលិតផលសាធារណៈជាសកល ពោលគឺប្រទេសចិនមិនប្រើប្រាស់វ៉ាក់សាំង ដែលអភិវឌ្ឍនិងផលិតឡើងដោយចិនផ្ទាល់ សម្រាប់តែប្រទេសខ្លួននោះទេ ដោយនឹងចែករំលែកជាមួយគ្រប់ប្រទេសទាំងអស់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រជាជននៅប្រទេសក្រីក្រ អាចទទួលការចាក់វ៉ាក់សាំង ដូចប្រជាជននៅបណ្តាប្រទេសអ្នកមានផងដែរ។

តាមរយៈសុន្ទរកថាគន្លឹះមួយដែលបានថ្លែងក្នុង «មហាសន្និបាតនៃក្តីសង្ឃឹម» ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅចំពោះមុខមេដឹកនាំសំខាន់ៗរបស់ពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងជំងឺកូវីដ-១៩ ជាទំនិញរួមរបស់មនុស្សជាតិនៅលើពិភពលោក ហើយត្រូវបញ្ឈប់នយោបាយទម្លាក់កំហុសឱ្យគ្នារឿងជំងឺកូវីដ-១៩នេះ ដោយងាកមកការរួមប្រយុទ្ធនឹងជំងឺឆ្លងសាកលនេះជំនួសវិញ។

តាមលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៦ ឱ្យដឹងថា មកទល់បច្ចុប្បន្ន មានប្រទេសចំនួន១០ ដែលបានប្រើប្រាស់វ៉ាក់សាំង ត្រូវជា៧៥ភាគរយនៃចំនួនវ៉ាក់សាំងសរុបរបស់ពិភពលោក។ ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌ ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយបញ្ហាសិទ្ធិមនុស្ស ឯការប្រកាន់យកគំនិត «វ៉ាក់សាំងជាតិនិយម»គឺផ្ទុយពីការតម្កល់ទុកអាយុជីវិតជាអាទិភាព។

វ៉ាក់សាំងត្រូវក្លាយជាផលិតសាធារណៈជាសកល ដែលមនុស្សគ្រប់រូបសុទ្ធតែអាចប្រើប្រាស់បាន។ ពាក្យចិនមួយឃ្លាពោលថា «ជំងឺរាតត្បាតគ្មានក្តីមេត្តា តែមនុស្សមានមនោសញ្ចេតនា» ។ ការឱបដៃឈរមើលអ្នកដទៃរងទុក្ខ មិនមែនជាទង្វើមានគុណធម៌និងសច្ចធម៌នោះទេ។ ប្រសិនជាប្រទេសអ្នកគិតតែពីការប្រើប្រាស់វ៉ាក់សាំងតែខ្លួនឯង ដោយមិនខ្វល់ពីការស្លាប់រស់របស់ប្រទេសក្រីក្រ នោះគឺពុំអាចយកឈ្នះលើជំងឺរាតត្បាតបានឡើយ ហើយប្រទេសអ្នកមានក៏មិនអាចនៅបានសុខតែខ្លួនឯងនោះដែរ។

ពិភពលោកជាមហាគ្រួសារមួយ និងជាសហគមន៍រួមជោគវាសនាតែមួយ។ ប្រឈមមុខនឹងជំងឺរាតត្បាតជាសកល យើងគួរទុករឿងនយោបាយនិងរឿងចាញ់ឈ្នះនៅមួយអន្លើសិន ព្រមទាំងបោះបង់ចោលគំនិតជាតិនិយម ហើយងាកមកស្រវាយកគំនិតឈ្នះ-ឈ្នះវិញ ដូចប្រសាសន៍របស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលបានលើកឡើងថា មិនត្រូវចាត់ទុកវ៉ាក់សាំងជាល្បែងផលបូកសូន្យឡើយ ត្រូវគាំពារពីតម្លៃនិងសេចក្តីថ្លៃថ្នូរនៃអាយុជីវិតរបស់មនុស្ស ដូច្នេះរំពឹងថាបណ្តាប្រទេសដែលមានសមត្ថភាពនឹងចាប់ដៃគ្នា ដើម្បីរួមចំណែកដល់ការជួយប្រទេសក្រីក្រ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ៕

( អត្ថបទដោយ៖ បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន តាំង ស៊ីឡេង )