(ប៉េកាំង)៖ សេចក្ដីថ្លែងការណ៍ផ្លូវការមួយ បានចេញផ្សាយនៅថ្ងៃចន្ទនេះថា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិន នឹងចេញរបាយការណ៍មួយស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០» ដែលមានតួអក្សរចិនចំនួន ១៥,០០០អក្សរនេះ បានរៀបរាប់យ៉ាងលំអិត ទាក់ទងទៅនឹងបញ្ហាមួយចំនួន ដែលកើតឡើងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០កន្លងទៅនេះ។

របាយការណ៍ខាងលើនេះបានចែងយ៉ាងច្បាស់ អំពីភាពអសមត្ថភាព របស់ទីក្រុងវ៉ាស៉ីនតោនជុំវិញការទប់ស្កាត់ ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19) ដែលនាំឲ្យមានលទ្ធផលគួរឲ្យសោកសៅបំផុត, បញ្ហាប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ដែលបង្កឲ្យមានភាពវឹកវរនយោបាយ, ជនជាតិភាគតិចទទួលរងការរើសអើង, ភាពវឹកវរក្នុងសង្គមជាបន្តបន្ទាប់ ដែលបានបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខសាធារណៈ, ការកើនឡើងនូវភាពខ្វែងគំនិតគ្នារវាងអ្នកមាន និងអ្នកក្រ ដែលធ្វើឲ្យវិសមភាពសង្គមកាន់តែមានភាពធ្ងន់ធ្ងរ និងការបោះជំហានថ្នាក់អន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលនឹងបង្កឲ្យមានភាពមហន្តរាយ ដល់ផ្នែកមនុស្សធម៌ជាដើម។

គួរបញ្ជាក់ថា ការប្រកាសអំពីការត្រៀមបញ្ចេញ របាយការណ៍រំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ចូ បៃដិន ដែលទើបឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកបានជាង ១ខែមកនេះ បានរិះគន់ចិនចំៗតែម្តង នៅលើបញ្ហាតំបន់ស៊ីនជាំង និងហុងកុង៕