(តេហេរ៉ង់)៖ អ៉ីរ៉ង់នៅថ្ងៃចន្ទនេះបានបញ្ជាក់គោលជំហរខ្លួនជាដដែល ដោយទទូចហើយទទូចទៀតឲ្យសហរដ្ឋអាមេរិក លុបចោលជាមុនសិននូវការដាក់ទណ្ឌកម្មទាំងអស់ មុនពេលអាចទៅអង្គុយនៅតុចរចា ដើម្បីពិភាក្សាអំពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយដូច្នេះថា «រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរតែផ្លាស់ប្តូរ គោលនយោបាយដាក់សម្ពាធជាអតិបរមាចំពោះប្រទេសអ៉ីរ៉ង់ របស់ លោក ដូណាល់ ត្រាំ ចេញទៅ ពោលប្រសិនបើចង់ទៅអង្គុយតុចរចាជាមួយគ្នា គឺអាមេរិកគួរតែដកទណ្ឌកម្មចេញឲ្យអស់ជាមុនសិន»

អ្នកនាំពាក្យអ៉ីរ៉ង់រូបនេះ ទើបតែបានលើកឡើងស្រដៀងគ្នាដែរថា ប្រទេសអ៉ីរ៉ង់មិនចាត់ទុកឥឡូវនេះជាពេលវេលាសមរម្យ សម្រាប់ការជួបចរចាគ្នា ជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើយ ដោយស្នើឲ្យសេតវិមានអាមេរិកបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី និងខុសច្បាប់របស់ខ្លួន។ កន្លងទៅក្រោយ លោក បៃដិន ឡើងកាន់អំណាច ទីក្រុងវ៉ាស៉ីនតោន បានបង្ហើបថា សហរដ្ឋអាមេរិកត្រៀមលក្ខណៈរួចហើយ ក្នុងការពិភាក្សាគ្នាតាមផ្លូវការទូត ដើម្បីសម្រេចបានការវិលត្រឡប់ទៅគោរព កិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញទាំងសងខាង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានចុះហត្ថលេខាដោយអ៉ីរ៉ង់ រុស្ស៉ី ចិន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ វាកំណត់ឲ្យមានការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប៉ុន្តែកាលពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញជាឯកតោភាគី ហើយដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ ដែលជាហេតុបង្ខំឲ្យទីក្រុងតេហេរ៉ង់ត្រូវបោះបង់ចោលបន្តិចម្តងៗនូវ កាតព្វកិច្ចរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនេះ៕