(តូក្យូ)៖ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុនមួយរូប គឺលោកស្រី ម៉ាគីកុ យ៉ាម៉ាដា (Makiko Yamada) បានសម្រេចចិត្តថា នឹងលាលែងចេញពីតំណែង បន្ទាប់ពីលោកស្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត បានទទួលរងការរិះគន់ ចំពោះការចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាច ដែលមានតម្លៃថ្លៃៗ រៀបចំឡើងដោយកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានបញ្ជាក់ឲ្យដឹងថា លោកស្រី យ៉ាម៉ាដា អាចនឹងដាក់ពាក្យសុំលាលែងពីតំណែង នៅថ្ងៃចន្ទនេះហើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ស៊ូហ្គា ព្រមទាំងលោកស្រី យ៉ាម៉ាដា ដែលមានវ័យ ៦០ឆ្នាំរូបនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់សាធារណជន បន្ទាប់ទស្សនាវត្តីមួយឈ្មោះ ស៊ូកាន់ ប៊ុនសាន់ (Shukan Bunshun) កាលពីអំឡុងខែកុម្ភៈបានចុះផ្សាយថា កូនប្រុសច្បងរបស់លោក ស៊ូហ្គា គឺលោក សៃហ្គោ ស៊ូហ្គា (Seigo Suga) មានតួនាទីជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតខ្សែភាពយន្តមួយ បានចំណាយប្រាក់ដ៏ច្រើនដើម្បីរៀបចំ កម្មវិធីទទួលទានអាហារពេលល្ងាចជាច្រើនលើក ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល។

បើតាមច្បាប់សីលធម៌ស៊ីវិលរបស់ជប៉ុន (National Civil Service Ethics Law) មន្ត្រីទាំងឡាយនៅក្នុងជួររដ្ឋាភិបាល មិនត្រូវទទួលអំណោយ ឬការកម្សាន្តណាមួយពីសំណាក់ក្រុមហ៊ុន ឬបុគ្គល ដែលត្រូវបានគេមើលឃើញថា ជាការទាក់ទាញទឹកចិត្តនោះឡើយ៕