(ញូយ៉ក)៖ អតីតបុគ្គលិកម្នាក់បានចោទប្រកាន់អភិបាលរដ្ឋញូយ៉ក លោក អែនឌ្រូ គូម៉ូ (Andrew Cuomo) ថាបានបៀតបៀនផ្លូវភេទមកលើរូបនាង បន្ទាប់ពី លោកទើបតែទទួលរងការចោទប្រកាន់ស្រដៀងគ្នានេះដែរពីមនុស្សស្រីម្នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

ស្ត្រីឈ្មោះ ឆាឡុត បេនណែត (Charlotte Bennett) ដែលជាអតីតទីប្រឹក្សាសុខាភិបាលរបស់លោក អែនឌ្រូ គូម៉ូ ធ្វើការចោទប្រកាន់ខាងលើនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតអាមេរិក New York Times កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ស្ត្រីរូបនេះបានអះអាងថាលោក គូម៉ូ បានប្រព្រឹត្តទង្វើបៀតបៀនផ្លូវភេទមកលើរូបនាងកាលពីឆ្នាំ២០២០កន្លងទៅ ខណៈស្ត្រីម្នាក់ទៀត ឈ្មោះ លីនស៊ី ប៊យលែន (Lindsey Boylan) កាលពីពេលថ្មីៗនេះបានចោទប្រកាន់ដូចគ្នាថា អភិបាលរដ្ឋញូយ៉ករូបនេះបានបំពានផ្លូវភេទលើរូបនាង។ ក៏ប៉ុន្តែ លោក អែនឌ្រូ គូម៉ូ បានច្រានចោលការចោទប្រកាន់បែបនេះ ហើយលោកបានបញ្ជាឱ្យ បើកការស៊ើបអង្កេតដោយឯករាជ្យមួយ។

គួរបញ្ជាក់ថា លោក អែនឌ្រូ គូម៉ូ មានអាយុ៦៣ឆ្នាំ បច្ចុប្បន្ន ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីគណបក្សប្រជាធិបតេយ្យផងដែរ ជុំវិញការលាក់បាំងចំនួន អ្នកស្លាប់ពិតប្រាកដដោយសារ COVID-19 នៅតាមមណ្ឌលថែទាំមនុស្សចាស់នៅរដ្ឋញូយ៉ក ព្រមទាំងការចោទប្រកាន់ពីការគាបសង្កត់មួយចំនួន ជាពិសេសគឺការចោទប្រកាន់ពីសំណាក់អភិបាលក្រុងញូយ៉ក លោក បៀល ឌឺ ប្លាស់ស្យូ (Bill de Blasio) តែម្ដង៕