(រ៉ង់ហ្គូន)៖ បាតុករ២នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងភាពចលាចលនៃបាតុកម្មតវ៉ានៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រឆាំងរដ្ឋប្រហារយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើវេជ្ជបណ្ឌិតម្នាក់ និងអ្នកនយោបាយមីយ៉ាន់ម្នាក់បានរាយការណ៍ថា ប៉ូលិសមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារនៅក្នុង ទីក្រុងដាវៃ (Dawei) ដោយសម្លាប់បាតុករម្នាក់ និងជាច្រើនទៀតរងរបួស។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកឈ្មោះ Mizzima media ក៏បានអះអាងដែរថា បាតុករម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលិសនៅទីក្រុងរ៉ង់ហ្គូន។

ខាងរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែពួកគេធ្លាប់បញ្ជាក់ថាបានរឹតត្បិតការប្រើប្រាស់កម្លាំងបាយដោះស្រាយជាមួយក្រុមបាតុករ បើទោះជាក្រុមបាតុករចោទថាប៉ូលិសបានប្រើប្រាស់គ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងគ្រាប់កាំភ្លើងពិតក៏ដោយ។

គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មនុស្សយ៉ាងហោច ៥នាក់បានស្លាប់នៅក្នុងបាតុកម្មតវ៉ាដែលផ្ទុះឡើងចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈមក។ បើតាមយោធាមីយ៉ាន់ម៉ា ប៉ូលិសម្នាក់ក៏បានស្លាប់ផងដែរ៕