(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ហើយនូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ដែលបានក្លាយជាវ៉ាក់សាំងទី៣ ទទួលបានការអនុញ្ញាត បន្ទាប់ពីវ៉ាក់សាំងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានឱ្យដឹងថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson គឺជាប្រភេទវ៉ាក់សាំងចាក់តែមួយដូសប៉ុណ្ណោះ ហើយវាមាន ប្រសិទ្ធភាពបង្ការ COVID-19 កម្រិតធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំង COVID-19 បំប្លែងខ្លួនថ្មីផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) FDA ក៏បានបញ្ជាក់ដែរថាវ៉ាក់សាំងក្រុមហ៊ុនអាមេរិកមួយនេះនឹងត្រូវបានប្រើប្រាស់ជាបន្ទាន់សម្រាប់មនុស្សមានអាយុ១៨ឆ្នាំ និងមនុស្សចាស់។

គួរបញ្ជាក់ថា នៅក្នុងការធ្វើតេស្ដនៅសហរដ្ឋអាមេរិក វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានប្រសិទ្ធភាពបង្ការ COVID-19 កម្រិតធ្ងន់ធ្ងរបាន៨៥.៩ភាគរយ, នៅអាហ្វិ្រកខាងត្បូង ៨១.៧ភាគរយ និង៨៧.៦ភាគរយ នៅប្រេស៊ីល។ ក៏ប៉ុន្តែ វាមានប្រសិទ្ធភាពតែ៦៦.១ភាគរយ ក្នុងការបង្ការ COVID-19 កម្រិតមធ្យម៕