(អាមេរិក)៖ គ្រឿងយន្តស្រាវជ្រាវ Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានប្រទះឃើញនៅលើផ្ទៃភពអង្គារ (Mars) ដោយប្រព័ន្ធកាមេរ៉ាបំពាក់លើផ្កាយរណបអឺរ៉ុប-រុស្ស៉ី ExoMars Trace Gas ដែលកំពុងគោចរជុំវិញភពក្រហមនេះ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយ Live Science នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ផ្កាយរណប ExoMars ដែលជាបេសកកម្មរួមគ្នារវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានផ្តិតយករូបភាពមួយនៃផ្ទៃភពអង្គារ ដែលបង្ហាញឲ្យឃើញគ្រឿងយន្តស្រាវជ្រាវ Perseverance របស់អង្គការ NASA ដែលទើបចុះទៅដល់ទីនោះ ក្នុងទម្រង់ចំណុចតូចមួយ។

ក្រៅពីគ្រឿងយន្ត Perseverance គេសង្កេតឃើញចំណុចតូចៗមួយចំនួនទៀត សុទ្ធតែជាឧបករណ៍សំខាន់ៗ ដែលបានជួយឲ្យវាចុះទៅដល់ លើផ្ទៃភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ របស់របរទាំងនោះរួមមានដូចជា ឆ័ត្រយោង, គម្របខាងក្រោយ, ខែលការពារកម្តៅ និងម៉ាស៉ីនសណ្តោង ដែលត្រូវបានទម្លាក់ចោលម្តងមួយៗ ពេល Perseverance ចុះចត។

គួរបញ្ជាក់ថា ផ្កាយរណប ExoMars បានទៅដល់ភពអង្គារ ០៥ឆ្នាំមុនបេសកកម្ម Perseverance គឺកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ នៅឆ្នាំ២០២២ ខាងមុខនេះ បេសកកម្ម ExoMars របស់អឺរ៉ុប-រុស្ស៊ី ដែលមានគ្រឿងយន្ត Rover សម្រាប់ស្រាវជ្រាវដូច Perseverance ដែរនោះ នឹងត្រូវបាញ់បង្ហោះចេញពីផែនដី ដើម្បីទៅចុះចតលើភពអង្គារ៕