(ប៊ុយណូស៊ែ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាហ្សង់ទីន លោកស្រី ខាឡា វីហ្សូទី (Carla Vizzotti) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសថា លោកស្រីបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយឥឡូវនេះ លោកស្រីបាននិងកំពុងតែធ្វើចត្តាឡីស័ក។ នេះបើយោងតាមការចេញផ្សាយដោយសារ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី Vizzotti បានសរសេរសារបង្ហោះនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកស្រីថា «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងថា ខ្ញុំបានធ្វើតេស្តរកជំងឺ COVID-19 ដែលវាស្ថិតក្រោមនីតិវិធីចាំបាច់ មុនពេលអនុញ្ញាតឲ្យឱ្យចូលប្រជុំនៅសភានាថ្ងៃទី០១ ខែមីនា ខាងមុខ ហើយពួកគេបានជូនដំណឹងថា ខ្ញុំបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺនេះ។ ដូច្នេះហើយ ខ្ញុំនឹងធ្វើចត្តាឡីស័ក តាមគោលការណ៍ ការពារផ្នែកសុខាភិបាល»។ លោកស្រី បានបន្ថែមថា «ជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ មិនទាន់ចប់នោះទេ ចូរយើងទាំងអស់គ្នាបន្តអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន»

ការធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 នេះ គឺបានកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រីបានឡើងគ្រប់គ្រងក្រសួងសុខាភិបាលអាហ្សង់ទីន កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីរដ្ឋមន្រ្តីមុនបានលាលែងពីតំណែង។

គួរបញ្ជាក់ថា លោកស្រី Vizzotti ជារដ្ឋមន្រ្តីទី៣ហើយ របស់ប្រទេសអាហ្សង់ទីន ដែលបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 គឺបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម លោក ដានីញែល អារ៉ូយ៉ូ (Daniel Arroyo) និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព លោក ហ័ន ខាបេនដាយ (Juan Cabandie)៕