(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅតេហេរ៉ង់) បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារតាមអាកាសដោយខុសច្បាប់របស់យោធាអាមេរិច ទៅលើតំបន់នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរង់ លោក សាអ៉ីដ ខាទីបហ្សេដេហ៍ (Saeed Khatibzadeh) បានហៅការវាយប្រហារនេះថា ជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងច្បាស់ណាស់។ លោក Khatibzadeh បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានឈ្លានពានចូលកាន់កាប់ទឹកដីនៃប្រទេសស៊ីរីដោយខុសច្បាប់ ហើយបានលួចធនធានធម្មជាតិផ្សេងៗរបស់ស៉ីរី រួមមានទាំងប្រេងថែមទៀតផង។ អ្នកនាំពាក្យអ៉ីរ៉ង់បានសង្កត់ធ្ងន់ថា ទង្វើថ្មីនេះរបស់អាមេរិកនឹងបង្ករឲ្យជម្លោះយោធាកាន់តែមានភាពធ្ងន់ធ្ងរឡើង និងបង្ករឲ្យអស្ថិរភាពក្នុងតំបន់ថែមទៀត»។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៉ីរី ការវាយប្រហារតាមអាកាសរបស់យោធាអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្លាប់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ យ៉ាងហោចណាស់២២នាក់ នៅភាគខាងកើតប្រទេសស៊ីរី៕