(ញូយ៉ក)៖ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) លោក ច ម៉ូ ទុន (Kyaw Moe Tun) ជួសមុខឲ្យរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ដែលត្រូវបានទម្លាក់ពីអំណាច ដោយសារការធ្វើរដ្ឋប្រហាររបស់យោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ នាពេលនេះ បានស្នើយ៉ាងទទូចឲ្យ UN ប្រើប្រាស់មធ្យោបាយចាំបាច់នានា ដើម្បីចាត់វិធានការជាក់ស្តែងប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ទើបអាចស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញឲ្យប្រទេសអាស៉ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាបានដាក់សំណើដូចខាងលើ នៅចំពោះមុខមហាសន្និបាតរបស់ UN បន្ទាប់ពីប្រេសិតពិសេសរបស់ប្រមុខ UN បានព្រមានថា មិនគួរមានប្រទេសណាមួយទទួលស្គាល់ ឬផ្តល់ភាពស្របច្បាប់ចំពោះការឡើងកាន់អំណាច ដោយរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ាឡើយ ហើយកិច្ចប្រឹងប្រែងទាំងអស់គឺត្រូវតែធានាថា មានគោលដៅឆ្ពោះទៅស្តារប្រជាធិបតេយ្យឡើងវិញឲ្យមីយ៉ាន់ម៉ា។

លោក ច ម៉ូ ទុន បាននិយាយដូច្នេះថា «យើងត្រូវការការចេញសកម្មភាពខ្លាំងៗបំផុតថែមទៀត ពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីបិទបញ្ចប់ទៅវិញជាបន្ទាន់នូវការធ្វើរដ្ឋប្រហារយោធា ព្រមទាំងដើម្បីបញ្ចប់ការគាបសង្កត់ជនស្លូតត្រង់ ហើយប្រគល់រដ្ឋអំណាចឲ្យទៅប្រជាជនមីយ៉ាន់ម៉ា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ»

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ តាំងតែពីយោធាបានឡើងគ្រប់គ្រងអំណាច និងចាប់ខ្លួនលោកស្រី ស៊ូ ជី រួមជាមួយថ្នាក់ដឹកនាំភាគច្រើន នៃគណបក្សកាន់អំណា NLD របស់លោកស្រី បន្ទាប់ពីយោធាបានចោទប្រកាន់ថា ការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលបក្សលោកស្រីទទួលជ័យជម្នះនោះ បានប្រព្រឹត្តទៅដោយគ្មានតម្លាភាព។ យោធាមីយ៉ាន់ម៉ាបានសន្យាថា នឹងរៀបចំការបោះឆ្នោតថ្មីមួយប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ឡើយ។ មិនតែប៉ុណ្ណោះ មីយ៉ាន់ម៉ាក៏ត្រូវបានដាក់ឲ្យស្ថិតក្រោមគ្រាអាសន្ន រយៈពេលមួយឆ្នាំផងដែរ៕