(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតបានចេញមុខច្រានចោលភ្លាមៗទាំងស្រុងចំពោះ ការវាយតម្លៃដែលខ្លួនអះអាងថា ប្រកបដោយភាពអវិជ្ជមាន មិនត្រឹមត្រូវ និងពុំអាចទទួលយកបាន នៃរបាយការណ៍ស៉ើបការណ៍សម្ងាត់មួយរបស់សហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយការរកឃើញថា ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីតគឺ ព្រះអង្គម្ចាស់ ម៉ូហាំម៉ាដ ប៊ីន សាល់ម៉ាន់ បានអនុញ្ញាតការធ្វើឃាតលើអ្នកកាសែតលោក ចាម៉ាល់ ខាស្សូហ្គី (Jamal Khashoggi) កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការរកឃើញក្នុងរបាយការណ៍ស៉ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញថា ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ បានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការចាប់ខ្លួន ឬធ្វើឃាតលោក Khashoggi ដែលជាអ្នកកាសែតរបស់សារព័ត៌មានអាមេរិក Washington Post កាលពីឆ្នាំ២០១៨។ ជុំវិញករណីឃាតកម្មនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើបុគ្គលពាក់ព័ន្ធមួយចំនួន ប៉ុន្តែមិនបានដាក់លើ ព្រះរាជទាយាទរបស់អារ៉ាប៊ីសាអូឌីតអង្គនេះឡើយ។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ក៏បានចេញមុខច្រានចោលរបាយការណ៍ខាងលើភ្លាមៗ។ កាលពីឆ្នាំមុន តុលាការនៅអារ៉ាប៊ីសាអូឌីត បានកាត់ទោសដាក់ពន្ធនាគារមនុស្សសរុប០៨នាក់ សម្រាប់រយៈពេលចន្លោះ០៧-២០ឆ្នាំ ជុំវិញករណីឃាតកម្មលើលោក Khashoggi នេះ បន្ទាប់ពីមានការអត់ឱនពីសំណាក់ក្រុមគ្រួសារលោក ដែលធ្វើឲ្យទោសប្រហារជីវិតសម្រាប់ពួកគេ អាចត្រូវបានលើកលែង។

គួរបញ្ជាក់ថា អ្នកកាសែត Jamal Khashoggi គឺជាអ្នករិះគន់លេចធ្លោម្នាក់ប្រឆាំងព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់។ លោកត្រូវបានគេឃើញលើកចុងក្រោយ ពេលចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ជាទីដែលគេជឿថា លោកត្រូវបានធ្វើឃាត។ ករណីឃាតកម្មនេះបានបង្កឲ្យមានការរិះគន់ពីសំណាក់អន្តរជាតិទាំងមូល ហើយធ្វើឲ្យប៉ះពាល់ដល់មុខមាត់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ ក៏ដូចជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់ដ៏ជិតស្និទ្ធបំផុតរបស់ខ្លួនថែមទៀត៕