(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកមិនដែលទទួលស្គាល់ការកាត់យកទឹកដីមួយផ្នែកនៃប្រទេសអ៊ុយក្រែន ពីសំណាក់រុស្ស៊ីកាលពី ៧ឆ្នាំមុនម្តងណាឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន France24 នៅយប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរំលឹកខួប នៃការចូលឈ្លានពានទឹកដីគ្រីមៀពីសំណាក់រុស្ស៊ីបានលើកឡើងយ៉ាងដូច្នេះថា«សហរដ្ឋអាមេរិកមិនដែល ហើយក៏នឹងមិនទទួលស្គាល់ការឈ្លានពានឧបទ្វីបពីសំណាក់រុស្ស៊ីឡើយ ហើយយើងនឹងឈរជាមួយអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។

ប្រធានាធិបតីរូបនេះបន្តទៀតថា«សហរដ្ឋអាមេរិកនៅតែបន្តឈរជាមួយប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួននៅថ្ងៃនេះ ដូចដែលខ្លួនធ្លាប់មានតាំងពីដើមទីមក»។

កងទ័ពរុស្ស៊ីបានដណ្តើមយកឧបទ្វីបគ្រីមៀនៅឆ្នេរសមុទ្រខ្មៅ នៃប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ហើយបន្ទាប់មកប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានដាក់បញ្ចូលតំបន់នេះនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូ។

ទន្ទឹមនឹងនេះ វិមានក្រឹមឡាំងថែមទាំងបានគាំទ្រការបះបោរប្រដាប់អាវុធនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅពេលក្រុមទាមទារបំបែកខ្លួននិយមរុស្ស៊ីបានប្រកាសឯករាជ្យ។ ប្រការនេះបង្កឲ្យមានសង្រ្គាមផ្ទុះឡើងរហូតមកទល់ពេលនេះ ជាមួយនឹងការសេសសល់ទឹកដីដែលនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ុយក្រែន៕