(វ៉ាស៊ីនតោន)៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារតាមអាកាសរបស់យោធាអាមេរិកនៅភាគខាងកើតប្រទេសស៊ីរី បានសម្លាប់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់យ៉ាងហោចណាស់ចំនួន ២២នាក់ មុនពេលថ្ងៃរះនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា យុទ្ធជនត្រូវបានសម្លាប់នៅពេលដែលការវាយប្រហារបានវាយប្រហារទៅលើក្បួនដឹកជញ្ជូនអាវុធមួយ ដែលជាកម្មសិទ្ធរបស់កងកម្លាំង Hashed al-Shaabi និងក្រុមហេសបូឡារបស់អ៊ីរ៉ាក់។

អង្គការដដែលនេះបានសង្កត់ធ្ងន់ទៀតថា ការវាយប្រហារតាមផ្លូវអាកាសខាងលើបានកើតឡើង នៅដែលការដឹកជញ្ជូនអាវុធពីអ៊ីរ៉ាក់ចូលទៅក្នុងប្រទេសស៊ីរី ដោយឆ្លងកាត់ព្រំដែន Al-Qaim ក្នុងរដ្ឋ Deir Ezzor នៅភាគខាងកើតប្រទេសស៊ីរី។ ចំណែកចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងច្រើនជាងនេះទៀត ដោយសារតែចំនួនគ្រោះថ្នាក់គឺមានច្រើន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ពីការវាយប្រហារនេះ ប៉ុន្តែមិនទាន់បានផ្តល់ព័ត៌មានបន្ថែមទេរហូតមកដល់ពេលនេះ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅព្រឹកថ្ងៃនេះថា យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី ដែលនេះគឺជាការវាយប្រហារលើកដំបូងនៅមជ្ឈឹមបូព៌ា ចាប់តាំងពីការឡើងកាន់អំណាច នៃរដ្ឋបាលលោកចូ បៃឌិនប៕