(ហុងកុង)៖ នៅថ្ងៃសុក្រនេះ ហុងកុងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនទាំង ៧.៥លាននាក់ ដែលរស់នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

សម្រាប់ដំណាក់កាលដំបូង អ្នកដែលវ័យចាប់ពី៦០ឆ្នាំឡើងទៅ ព្រមទាំងបុគ្គលិកផ្នែកសុខាភិបាល គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ ២.៤លាននាក់ ដែលត្រូវបានផ្តល់អាទិភាព ដើម្បីទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅទីក្រុងហុងកុង ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac។

កាលពីសប្តាហ៍មុន វ៉ាក់សាំង Sinovac ចំនួន១លានដូសបានមកដល់ទីក្រុងហុង ហើយនៅដើមសប្តាហ៍នេះ អភិបាលក្រុងហុងកុង លោកស្រី Carrie Lam និងមន្រ្តីជាន់ខ្ពស់ដទៃទៀត បានស្ម័គ្រចិត្តចាក់មុនគេ ដើម្បីបង្កើនការជឿទុកចិត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19។

គួរបញ្ជាក់ថា ហុងកុងបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 សរុប២២.៥លានដូស ពីក្រុមហ៊ុន Sinovac, AstraZeneca និង Pfizer-BioNTech។ មកទល់ពេលនេះ ហុងកុងបានអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ Sinovac និង Pfizer។ វ៉ាក់សាំង Pfizer ១លានដូសដំបូង តាមពិតត្រូវមកដល់ហុងកុងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែត្រូវបានពន្យាពេលវិញ ដោយសារបញ្ហានីតិវិធីនៃការនាំចេញ៕